ភ្នំពេញ៖ទិវាសត្វស្លាបទេសន្តរប្រវេសន៍ពិភពលោកត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងខែឧសភា ដែលក្នុងនោះប្រទេសកម្ពុជាបានជ្រើសរើសយកថ្ងៃទី១០ ខែឧសភា ដើម្បីប្រារព្ធទិវានេះក្នុងគោលបំណងអប់រំផ្សព្វផ្សាយពីសារៈប្រយោជន៍ នៃការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់វា នេះជាការបញ្ជាក់របស់ក្រសួងបរិស្ថាន ។
សត្វស្លាបទេសន្តរប្រវេសន៍ ជាប្រភេទសត្វស្លាប ដែល ផ្លាស់ទីជារៀងរាល់ឆ្នាំទៅតាមផ្លូវហោះហើររបស់វា ពីតំបន់មួយទៅតំបន់មួយទៀត ឬឆ្លងកាត់ប្រទេសជាច្រើនជុំវិញពិភពលោក។ ការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍គឺទាមទារឱ្យ មានការចូលរួម និងសហការពីបណ្តាប្រទេសនានា ដែលស្ថិតនៅក្នុងផ្លូវហោះហើររបស់វា។ ផ្លូវហោះហើរសត្វស្លាប គឺជាពាក្យដែលប្រើសម្រាប់បង្ហាញពីតំបន់ភូមិសាស្ត្រមួយដែល សត្វស្លាបជាច្រើនធ្វើការផ្លាស់ទីពីជម្រកពងកូន ទីសំចត និងទីតាំងស្វែករកចំណីក្នុងរដូវកាលជាក់លាក់មួយជាប្រចាំឆ្នាំ។ បច្ចុប្បន្ននៅលើពិភពលោកមានផ្លូវហោះហើរសត្វសា្លបចំនួនប្រាំបួន ហើយប្រទេសកម្ពុជាមានទីតាំងស្ថិតនៅក្នុងផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី និងបានចូលជាសមាជិកកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូរផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ចាប់តាំងពីឆ្នាំ២០០៧ ដែលមានក្រសួងបរិ ស្ថានជាសេនាធិការ។
ប្រភពពីក្រសួងបរិស្ថាន បញ្ជាក់ថា បណ្តាប្រទេសដែលជាសមាជិកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃភាពជាដៃគូរផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី បានសិក្សា និងដាក់តំបន់ដីសើមដែលមានសារៈសំខាន់ដល់សត្វស្លាបទេសន្តរប្រវេសន៍ជាតំបន់នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី។ តំបន់ទាំងនោះត្រូវបានជ្រើសរើសផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជាសារៈសំខាន់នៃកត្តាជីវៈចម្រុះ និងមុខងារអេកូឡូស៊ីរបស់តំបន់នោះ ជាពិសេសផ្តល់ជាទីជម្រកដ៏សំខាន់ដល់សត្វស្លាបទេសន្តរប្រវេសន៍ ក្នុងវដ្តជីវិតរបស់ពួកវា។ គិតត្រឹមខែឧសភា ឆ្នាំ២០២០នេះ តំបន់ដីសើមសំខាន់ៗដែលត្រូវបានដាក់បញ្ចូលជាតំបន់នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី មានចំនួន ១៤៧កន្លែង ហើយបង្កើតបានជាបណ្តាញដ៏ធំមួយ ក្នុងការអភិរក្សសត្វស្លាបទេសន្តរប្រវេសន៍ និងទីជម្រករបស់ពួកវា។
ងាកមកមើលប្រទេសកម្ពុជាវិញ តំបន់ការពារទេសភាពអន្លង់ព្រីង មានផ្ទៃក្រឡាសរុប ២១៧ហិកតា ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ដែលបង្កើតឡើងដោយអនុក្រឹត្យលេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ត្រូវបានទទួលស្គាល់ជាតំបន់នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ដោយលេខាធិការដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃភាពជាដៃគូរផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្រ្តាលី ក្នុងឆ្នាំ២០១៩។ យើងមានមោទនភាពដែលតំបន់ការពារទេសភាពអន្លង់ព្រីង ត្រូវបានទទួលស្គាល់ និងដាក់បញ្ចូលជាតំបន់នៃបណ្តាញផ្លូវហោះហើរសត្វស្លាបអាស៊ីខាងកើត-អូស្ត្រាលី ៕ ហេង សូរិយា