ភ្នំពេញ៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សហការជាមួយនគរបាលប៉ុសិ៍្តស្វាយប៉ាក ធ្វើការស្រាវជ្រាវ បង្ក្រាបនិងឃាត់ខ្លួនជាក់ស្តែង រួមជាមួយម្សៅក្រាមពណ៌សថ្លាចំនួន ២កញ្ចប់តូច កាលពីវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងនៅល្ងាច ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០នេះថា ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ២នាក់ គឺ១ -ឈ្មោះ យី មករា ភេទប្រុស អាយុ២២ឆ្នាំជនជាតិខ្មែរ មានទីលំនៅក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរកម្មករ។
២-ឈ្មោះចុន សំរ៉ុង ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិចុងកោះ ឃុំព្រែកក្តាម ស្រុកពញាឮ ខេត្តកណ្តាល មុខរបរកម្មករ។
សម្ភារដកហូតមាន៖
-ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ ដកហូតពីឈ្មោះ យី មករា។
ក្រោយឃាត់ខ្លួនជនសង្ស័យ រួមនិឹងវត្ថុតាងរួចមកកម្លាំងជំនាញបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិីតិវិធីច្បាប់ ៕ដោយ៖ស រស្មី