ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមយុវជនទទូចសំណូមពរដល់ពលរដ្ឋ ឈប់ចោលសំរាមតាមដងផ្លូវនាំឲ្យប៉ះពាល់ដល់បរិស្ថាន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រុមយុវជនសភាពសហព័ន្ធយុវជនកម្ពុជាខេត្ត-ក្រុងសិរីសោភ័ណ យុវជនស្ម័គ្រចិត្តកាកបាទក្រហមកាញារីទ្ធ មានគ្នាប្រហែលជា២០នាក់ បាននាំគ្នាធ្វើការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ ៥៦អា ពិសេសនៅចំណុចម្តុំទីលានចាក់សំរាម ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។  

ក្រមយុវជនដែលបានចូលរួមសម្អាតបរិស្ថានខាងលើ បានឲ្យដឹងថា ដោយមើលឃើញសំរាមជាច្រើនតាមដងផ្លូវ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន សោភណភាពដងផ្លូវ ទើបពួកគាត់នាំគ្នាធ្វើការប្រមូលសំរាមទាំងនោះយកទៅដុតចោល។ ព្រមជាមួយគ្នានោះក្រុមយុវជន ក៏បានទទូចសំណូមពរដល់បងប្អូនប្រជាពលរដ្ឋមេត្តាបញ្ឈប់ការចោលសំរាមពាសវាសពាសកាល ពិសេសតាមដងផ្លូវជាតិជាដើម  ដែលវាធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។

ម្យ៉ាងវិញទៀតប៉ះពាល់ដល់កំណើនភ្ញៀវទេសចរដែលបានឆ្លងកាត់ក្រុង ឬស្រុករបស់យើង ពោរពេញទៅដោយសំរាម។  ដូច្នេះហើយក្រុមយុវជន សូមឲ្យបងប្អូនឈប់ចោលសំរាមតទៅទៀត ហើយត្រូវនាំគ្នាចូលរួមថែរក្សា សម្អាតបរិស្ថានទាំងអស់គ្នា ដើម្បីក្រុង និងខេត្តរបស់យើងមានភាពបៃតង គ្មានសំរាម ដោយផ្តើមចេញពីយើងទាំងអស់គ្នា។

តាមរយៈសកម្មភាពចុះសម្អាតបរិស្ថាននេះដែរ បងប្អូនដែលធ្វេីដំណេីរតាមដងផ្លូវ ក៏បានចូលរូមឧបត្ថម្ភជាទឹកសុទ្ធជូនដល់ក្រុមការងារយុវជនដែលបានសម្អាតបរិស្ថានផងដែរ៕ដោយ៖វណ្ណា


ចែករំលែក៖