ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តប៉ៃលិន ជំរុញឱ្យ ប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំគ្រប់មុខជាលក្ខណៈគ្រួសារ

ចែករំលែក៖

ខេត្តប៉ៃលិន៖មានប្រសាសន៍លើកឡើងក្នុងពិធីសំណេះ សំណាលចែកកូន មេ និងបាពូជកង្កែប ដល់កសិករបណ្តុំអាជីវកម្មវារីវប្បកម្មរបស់មន្ទីរកសិកម្មខេត្តប៉ៃលិន នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញឱ្យបងប្អូន ប្រជាពលរដ្ឋ ខិតខំចិញ្ចឹមសត្វ និងដាំដំណាំតាមគេហដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឱ្យបានកាន់តែល្អប្រសើរឡើងស្របពេលជំងឺកូវីត-១៩កំពុងកើតមានឡើងដែលជាបញ្ហាចម្បងមួយបណ្តាលឱ្យបងប្អូន ប្រជាពលរដ្ឋ យើងមិនអាចចេញទៅរកស៊ីប្រកបរបរចិញ្ចឹមជីវិតហើយជួបបញ្ហាខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។

លោកអភិបាលខេត្តបានមានប្រសាសន៍ថា ដើម្បីសម្រេចគោលដៅលើការចិញ្ចឹមកង្កែបនេះកសិករជាអ្នកផលិតត្រូវមានកិច្ចសហការល្អជាក្រុមបណ្តុំតាមមូលដ្ឋាននីមួយៗនិងរៀបចំផែនការផលិតឱ្យត្រូវតាមរដូវកាល និងតម្រូវការទីផ្សារផងដែរ។ លើសពីនោះកសិករយើងត្រូវតែមានឆន្ទៈលើការចិញ្ចឹម និងថែទាំឱ្យបានត្រឹមត្រូវតាមការណែនាំនិងលក្ខណៈបច្ចេកទេស។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដោយរដូវនេះមានភ្លៀងធ្លាក់ច្រើន ដែលងាយបង្កឱ្យកើតជំងឺ តម្កាត់ផ្សេងៗ ជាពិសេសត្រូវមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ-១៩ និងត្រូវចូលរួមទប់ស្កាត់ការរីករាលដាលឲ្យបានហើយបើមានបញ្ហាអ្វីកើតឡើងក្នុងមូលដ្ឋាន ត្រូវរាយការណ៍ទៅមេឃុំ/ចៅសង្កាត់ ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីឲ្យក្រុមការងារចុះជួយបានឆាប់រហ័ស និងទាន់ពេលវេលា។

បើតាមរបាយការណ៍របស់លោក ផាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តប៉ៃលិនបានឲ្យដឹងថា បណ្តុំអាជីវកម្មផលិតកម្មចិញ្ចឹម ត្រី/កង្កែប ត្រូវបានអនុវត្តដោយអង្គការ EPDO និង PDAFF  ចំនួន ១៧បណ្តុំ រួមមាន៖ (ត្រី ៥បណ្តុំ និងកង្កែប ១២បណ្តុំ) ស្មើនឹងគ្រួសារកសិករ ៤៤៧នាក់ ស្រី១១៧នាក់ ហើយអង្គការ EPDO ដែលកំពុងអនុវត្ត គឺបានគាំទ្រដល់ កសិករគំរូចំនួន ៨ក្រុម មានសមាជិកសរុបចំនួន ២៣៦នាក់ក្នុងនោះមាន ស្រី៨២នាក់៕ដោយ៖ស សារ៉េត


ចែករំលែក៖