ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឃាត់ជនសង្ស័យដែលជាអ្នកទិញអេតចាយម្នាក់ ក្រោយពេលដែលទទួលបានពាក្យបណ្តឹងពីជនរងគ្រោះអំពីករណីជនរូបនេះលួចខ្សែភ្លើងនៅរោងចក្រផលិតកង់(អេ វើហ្គ្រេន) ដែលមានទីតាំងស្ថិតក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
ករណីឃាត់ខ្លួននេះបានធ្វើឡើងនៅ
វេលាម៉ោង ១៤និង៣០នាទីរសៀល ថ្ងៃទី១១ខែឧសភាឆ្នាំ២០២០ ស្ថិតក្នុងក្រុងបាវិត។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសសង្ស័យដែលជាអ្នកទិញអេតចាយមានឈ្មោះសុខ វិបុល អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិព្រៃខ្ជាយ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
សមត្ថកិច្ចដកហូតវត្ថុតាង រួមមានខ្សែភ្លើងចំនួន ១៩៣គីឡូក្រាម) ផងដែរ។
ប្រភពបន្តថា ក្រោយពីកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត បានទទួលបណ្ដឹងផ្ទាល់មាត់ពីឈ្មោះ ចាំង ផឹង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរប្រធានផ្នែកជាងភ្លើង មានទីលំនៅខេត្តស៊ីឈួន ប្រទេសចិន អំពីករណីចោរលួចខ្សែភ្លើង នៅរោងចក្រផលិតកង់ (អេ វើហ្គ្រេន) ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀងថា កាលពីអំឡុងថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែ ឧសភាឆ្នាំ២០២០ ខ្លួនបានចាប់ផ្ដើមធ្វើការស្រាវជ្រាវរករហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ក៏បានរកឃើញខ្សែភ្លើងនៅផ្ទះអ្នកទិញអេតចាយម្នាក់មិនស្គាល់ឈ្មោះ។ ក្រោយពីទទួលបានបណ្ដឹងរួចមក សមត្ថកិច្ចយើងបានចុះដល់កន្លែងកើតហេតុ រួចក៏បាននាំខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីធ្វើការសាកសួរ ។
ប្រភពដដែលបានបន្តថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនបានទិញខ្សែភ្លើងនេះ ជាច្រើនលើករួចមកហើយ មានពេលខ្លះយប់ ខ្លះពេលថ្ងៃ ពីអ្នកជិះដឹកតាមម៉ូតូយកមកលក់ឲ្យខ្លួន (តែមិនបានស្គាល់ឈ្មោះអ្នកលក់នោះទេ)។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការបន្តតាមច្បាប់៕យឹម សុថាន