ភ្នំពេញ៖ ស្រ្តីម្នាក់ជិះម៉ូតូ បត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកគ្នាជាមួយរ៉ឺម៉កម៉ូតូដឹកត្រីទាំងកំរោល រួចហោះផ្លោងទៅបុករថយន្តមួយគ្រឿងទៀតដែលគេចតចោលបណ្តាលឲ្យម្ចាស់ម៉ូតូ និងអ្នកបើករ៉ឺម៉ករបួសធ្ងន់ទាំងពីរនាក់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២និង ៣០នាទីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយ ផ្លូវជាតិលេខ៥ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់អង្គភាពនគរដ្រេហ្គន ថាមុនពេលកើតហេតុ គេបានឃើញនារីម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកToday ពណ៍ទឹកក្រូច ពាក់ស្លាក់លេខ កណ្តាល 1T-8766 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ។ ស្រាប់តែនាងជិះម៉ូតូបត់ត្រលប់ក្រោយវិញ ដោយខ្វះការប្រុងប្រយ័ត្នក៏បុកគ្នាជាមួយរ៉ឺម៉កដឹកត្រី១គ្រឿង ដែលពាក់ស្លាកលេខ ភ្នំពេញ1BH-3442 ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពេញទំហឹង រួចផ្លោងទៅបុករថយន្តមួយគ្រឿងទៀត ដែលម្ចាស់គេចតចោលរងការខូចខាតយ៉ាងដំណំ ។ចំណែកអ្នកបើកម៉ូតូរ៉ឺម៉ក និងម៉ូតូ រងរបួសធ្ងន់ទាំងពីរ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញចរាចរបានចុះមកដល់ចំណុចកើតហេតុ ដើម្បីធ្វើការសម្រប់សម្រួលចរាចរ កុំឲ្យមានការកក់ស្ទះផងដែរ ។ ចំណែកម៉ូតូ និងរ៉ឺម៉កដឹកត្រី ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌឬស្សីកែវ រង់ចាំដោះស្រោយគ្នាតាមច្បាប់ ៕ ដោយ៖ អឿន ភារ៉ា