ឧត្តរមានជ័យ៖រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ ប៉ូលិសជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បង្ហើបប្រាប់ថា មន្ដ្រីយោធាដែលបាញ់សម្លាប់ប្រពន្ធខ្លួនឯង និង ប្រពន្ធយោធាដូចគ្នា ហើយរត់ដោយស្ពាយជាមួយកាំភ្លើង និង គ្រាប់១២០គ្រាប់នោះ បានបាញ់តដៃ ជាមួយសមត្ថកិច្ចពេលចុះបង្ក្រាប ។ ដោយដើម្បីការពារខ្លួន , សមត្ថកិច្ចបានសម្រេចបាញ់មន្ត្រីយោធារូបនេះ ស្លាប់តែម្តង ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៤ កងពលធំអន្តរាគមន៍លេខ២ ថ្លែងថា កាលពីវេលាម៉ោង១៖៤០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មានយោធាម្នាក់ឈ្មោះ សឿន កាន់ ភេទប្រុស អាយុ៥៥ឆ្នាំ ឋានៈ នាយចំណង់ អត្តលេខ០៧០៤៦២ អង្គភាពវរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤ បានប្រព្រឹត្តបទឧក្រិដ្ឋដោយបាញ់សម្លាប់មនុស្សចំនួន២នាក់ ។
យោងតាមសេចក្តីជូនដំណឹង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ទោ សន ស៊ា មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៤ កងពលធំអន្តរាគមន៍លេខ២ ថ្លែងទៀតថា ឈ្មោះ សឿន កាន់ បានបាញ់សម្លាប់ប្រពន្ធឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ និង ប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀតឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ ។
ក្រោយពីបានប្រព្រឹត្តបទល្មើស ជនល្មើសបានរត់គេចខ្លួនដោយបានលួចយកអាវុធ AK47 ចំនួន១ដើមលេខ ៥៧៧១៧៦ គ្រាប់ចំនួន១២០គ្រាប់ ៕ដោយ៖ចេស្ដា