ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង៩និង២០នាទីព្រឹកអង្គារ៦រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងបត់កណ្តោល បានបង្ក្រាបក្មេងទំនើងជិះម៉ូតូដាក់បំពង់ស៊ីម៉ាំងបំពងសំឡេងខ្លាំងបង្កការរំខានតាមផ្លូវសាធារណៈនៅចំណុចមុខផ្ទះប្រជាពលរដ្ឋលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិស្វាយជ្រំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ទោ យ៉ែម យឿន អធិការរងនៃអធិកាដ្ឋាន នគរបាលស្រុកបាកានបានឲ្យដឹងថាស្របពេលកងកម្លាំងនគរបាលជាតិ កំពុងអនុវត្តអនុក្រឹត្យលេខ៣៩ អនក្រ.បក ស្តីពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នោះ ស្រាប់តែមានក្មេងទំនើង
២នាក់ប្រុសនិងស្រី បានជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងលាន់ឮខ្លាំងៗធ្វើឲ្យរំខានដល់អ្នកដទៃនិងបាត់បង់សណ្តាប់ធ្នាប់សាធារណ:
ក៏ត្រូវនគរបាលប៉ុស្តិ៍ខាងលើឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកដើម្បីអប់រំ។
ក្មេងទំនើង២នាក់នេះមាន១-ឈ្មោះ វណ្ណ សារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកាប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់, ២-ឈ្មោះ បន កញ្ញា ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិស្វាយពក ឃុំស្ពឺ(ក)ស្រុកបាភ្នំ ខេត្តព្រៃវែង ស្នាក់នៅការដ្ឋានចិន នៅភូមិឬស្សីតាម៉ាន់ ឃុំបឹងបត់កណ្តោល ស្រុកក្រគរ។
ក្រោយពីធ្វើការឃាត់ម៉ូតូនិងឃាត់មនុស្ស២នាក់នេះសមត្ថកិច្ចបាន យកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នដើម្បីឲ្យសាម៉ីខ្លួន យកបំពង់ស៊ីម៉ាំងមកប្តូរ នឹងយកកញ្ចក់មកបំពាក់ឲ្យបានត្រឹមត្រូវព្រមទាំងបានឲ្យអាណាព្យាបាលមកធានានិងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពបែបនេះទៀតនៅចំពោះមុខកម្លាំងនគរប៉ុស្តិ៍និងស្រុកទើបប្រគល់ម៉ូតូព្រមទាំងអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ៕
ដោយ÷ ប្រាថ្នា