ភ្នំពេញ៖ លោកអេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា កងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជូនជនសង្ស័យឈ្មោះ លាប ឡាយ ទៅពន្ធនាគារខេត្តព្រៃវែង តាមអំណាចដីកាបង្គាប់ឱ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០។
លោកអ្នកនាំពាក្យបានបញ្ជាក់ថា លោកហួត ហ៊ាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រៃវែង បានចេញដីកាបង្គាប់ឲ្យនាំខ្លួនជនត្រូវចោទខាងលើ ករណីបើកល្បែងបញ្ជល់មាន់ ។ ជននេះត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ពីបទ បើកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) ប្រព្រឹត្តនៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
ជនសង្ស័យឈ្មោះ លាប ឡាយ កើតឆ្នាំ១៩៨៧ ស្នាក់នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០២០ ។ ជននេះត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទបើកកន្លែងលេងល្បែង ស៊ីសងខុសច្បាប់ (បញ្ជល់មាន់) ប្រព្រឹត្តនៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ មាត្រា ០៥ នៃច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង។
លោកចៅក្រម ក៏បានចេញដីកាសម្រេច បញ្ជាឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈ នាំខ្លួន ជនត្រូវចោទដែលមាន ឈ្មោះ លាប ឡាយ ទៅពន្ធនាគារ ខេត្តព្រៃវែង ដោយអនុវត្តតាមនីតិវិធី ហើយលោកចៅក្រម បង្គាប់ឲ្យប្រធានពន្ធនាគារ ខេត្តព្រៃវែង ទទួលជននេះ និងឃុំខ្លួនជននេះរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ៕ដោយ៖នរិន្រ្ទ