វិវាទផ្ទៃក្នុងអាមេរិកចេញជារូបរាង ហើយ ក្រោយពេលប្រធានាធិបតីដូណាល់ ត្រាំ បានថ្កោលទោសអតីតប្រធានាធិបតីអូបាម៉ាយ៉ាងខ្លាំងថា «កំពុងតែប្រព្រឹត្តបទល្មើសឧក្រិដ្ឋកម្មនយោបាយដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក»។
លោកត្រាំ ក៏បានចោទ លោកអូបាម៉ា ថា បានចូលរួមចោទប្រកាន់ លោក រួមគំនិតជាមួយរុស្ស៊ីដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោត កាលពីឆ្នាំ២០១៦។ ជាមួយគ្នានេះអ្នកសារព័ត៌មាន Philip Rucker មកពីសារព័ត៌មានWashington Post បានសួរទៅប្រធានាធិបតីត្រាំ ថា«តើលោកចោទប្រកាន់លោកអូបាម៉ាពីបទល្មើសឧក្រិដ្ឋអ្វីឲ្យប្រាកដ
ដើម្បីឱ្យក្រសួងយុត្តិធម៌ ចោទប្រកាន់តាមផ្លូវច្បាប់?
លោកត្រាំក៏បានឆ្លើយតបវិញថា «លោកបានដឹងហើយថាជាបទល្មើសអ្វី ហើយវាបានបង្ហាញយ៉ាងច្បាស់ជាមួយមនុស្សគ្រប់រូប ។ អ្វីដែលលោកត្រូវធ្វើគឺអានព័ត៌មាន លើកលែងតែសារព័ត៌មានរបស់លោក ពេលនោះលោកនឹងដឹងហើយ។ខ្ញុំសង្ឃឹមថា អ្នកនឹងសរសេរវាដោយមានតម្លាភាព»។
លោកត្រាំកាន់តែខឹងនឹងលោក អូបាម៉ា ខ្លាំង នៅពេលដែលអតីតប្រធានាធិបតីរូបនេះ ថ្កោលទោស សង្គ្រាមប្រឆាំងកូវីដ-១៩ របស់លោក គឺជា«សោកនាដកម្មនិងចលាចលយ៉ាងពិតប្រាកដ»។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះលោកត្រាំទទួលរងការវាយប្រហារ យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន គួបផ្សំនឹងចរិតឆេវឆាវទៀត ធ្វើឲ្យលោកត្រាំកាន់តែធ្លាក់នៅក្នុងកំហុសកាន់តែខ្លាំងឡើង។ ពេលថ្មីៗនេះ លោកបាន«ឈ្លោះ»ជាមួយអ្នកសារព័ត៌មាន ដោយសារតែអ្នកសារព័ត៌មានសួរសំណួរពិបាកឆ្លើយពាក់ព័ន្ធនឹងកូវីដ-១៩៕ដោយ៖ធី រីណា