ខេត្តស្វាយរៀង៖ ឃ្លាំងក្រដាសអេតចាយមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់យ៉ាងសន្ធោសន្ធៅបណ្ដាលឱ្យឆេះខូចខាតរថយន្តមួយគ្រឿងនិងក្រដាសប្រមាណជា៥០០តោន ប៉ុន្តែមិនរងគ្រោះថ្នាក់ដល់មនុស្សនោះទេខណៈសមត្ថកិច្ចបាញ់ទឹកពន្លត់ទាន់ពេល។
ហេតុការណ៍នេះបានកើតឡើង កាលពី
វេលាម៉ោង៣និង៤៥នាទី រសៀលថ្ងៃ ទី១២ ខែឧសភា ឆ្នាំ២០២០នៅត្រង់ចំណុចឃ្លាំងក្រដាស (អេតចាយ)ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា ម្ចាស់ទីតាំងរងគ្រោះ មានឈ្មោះ ថាច់ ថុន ភេទស្រី អាយុ ៤១ឆ្នាំ ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថា ចំពោះទំហំនៃការខូចខាត គឺឆេះក្រដាសអេតចាយអស់ប្រមាណជា ៥០០តោន និងឆេះរថយន្តដឹកអេតចាយ ០១គ្រឿង ម៉ាកហ៊ីណូ គ្មានស្លាកលេខ ប៉ុន្តែគ្រោះអគ្គិភ័យនេះមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
ប្រភពបានបន្ថែមថា ក្រោយពីទទួលបានព័ត៏មាននេះភ្លាមកម្លាំងនគរបាលក្រុងបាវិតសហការជាមួយកម្លាំង
កងរាជអាវុធហត្ថក្រុង និងកម្លាំងកងរាជអាវុធហត្ថខេត្ត បានចេញរថយន្តជួយពន្លត់ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២ គ្រឿង ប្រើប្រាស់ទឹកសរុបចំនួន១២ រថយន្ត ។
ចំពោះមូលហេតុដែលនាំឱ្យកើតមានអគ្គិភ័យឆេះឃ្លាំងស្តុកក្រដាសនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិតប្រាកដថាបង្កមកពីអ្វី៕យឹម សុថាន