ខេត្តកំពង់ចាម ៖ បុរសម្នាក់បានឡើងបេះខ្នុរ ហើយធ្លាក់ពីបណ្តាលឲ្យស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៣និង៤៥នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅចំណុចដើមខ្នុរក្រោយផ្ទះ របស់ឈ្មោះយន់ ម៉ៅ ភេទស្រី អាយុ៧១ឆ្នាំ ស្ថិតក្នុងភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
មន្ត្រីនគរបាលបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញនៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមហាលាភ ចុះដល់កន្លែងកើតហេតុ ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ាង ស៊ុន្នី នាយផ្នែកពិនិត្យវិភាគ កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវករណីខាងលើ។
សពជនរងគ្រោះឈ្មោះឡាំង ឡូត ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម បានឡើងបេះផ្លែខ្នុររបស់ឈ្មោះយន់ ម៉ៅ (ត្រូវជាម្តាយមីង) កំពស់ ៥,៣០ម៉ែត្រ មិនប្រុងប្រយ័ត្នធ្លាក់មកដីចំទ្រុងជ្រូក(ធ្វើពីឥដ្ឋ)។
ប្រភពបានបន្តថា ខណៈនោះបងប្អូនញាតិមិត្ត និងក្រុមគ្រួសារលើកមកផ្ទះរបស់ជនរងគ្រោះ ដើម្បីលាបថ្នាំជួយសង្គ្រោះ តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
មន្ត្រីនគរបាលបានបន្តថា សមត្ថកិច្ច បានបង្កើតគណៈកម្មការពិនិត្យ សព ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាឃុំ ពេទ្យមណ្ឌលសុខភាព និងមេភូមិ។
ផ្អែកតាមការធ្វើកោសល្យវិច័យពិនិត្យសាកសពផ្នែកក្បាល .ផ្នែក.ក ពុំមានស្លាកស្នាមអ្វីទេ ផ្នែកដងខ្លួនៈមានស្លាកស្នាមរបកស្បែកកាត់ទទឹងក្រោមដើមទ្រូង ខាងឆ្វេង ទំហំ ០,៣ស.មx៧ស.ម។
•ស្លាកស្នាមរបកស្បែកក្រោមដើមទ្រូងខាងស្តាំ ទំហំ ៥ស.មx០,២ស.ម
•ស្លាកស្នាមរបកស្បែកជាំលើឆ្អឹងជំនីខាងក្រោយផ្នែកខាងឆ្វេង ទំហំ ៩ស.មx២ស.ម
•ស្លាកស្នាមរបកស្បែកជាំលើចង្កេះផ្នែកខាងឆ្វេងទំហំ៣ស.មx១៤ស.ម
ផ្នែកអវៈយវៈ មានឈាមហូរតាមប្រដាប់ភេទ ជាប់និងខោលីអូ *ផ្អែកតាមការធ្វើកោសល្យវិច័យ និងការបំភ្លឺរបស់សាក្សី ព្រមទាំងការបំភ្លឺក្រុមគ្រួសារសព គណៈកម្មការបានសន្និដ្ឋានថា សាកសពឈ្មោះឡាំង ឡូត ប្រហែលបែកផ្លោកនោម ដោយសារធ្លាក់ពីលើដើមខ្នុរ បណ្តាលឲ្យស្លាប់ ដោយខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។
គណៈកម្មការ បានសម្រេចប្រគល់សាកសព ឈ្មោះឡាំង ឡូត ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ នរិន្ទ្រ