ព័ត៌មានទាន់ហេតុការណ៍៖

សន្និសីទកាសែត«វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដបាត់ដំបង»

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដបាត់ដំបង» ដោយមានការចូលរួមពីលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ។

លោកអភិបាលខេត្តបានលើកឡើងនូវឆ្អឹងខ្នងសេដ្ឋកិច្ចសំខាន់ ៣ របស់ខេត្តបាត់ដំបង គឺសេដ្ឋកិច្ច ពឹងផ្អែកលើកសិកម្ម ឧស្សាហកម្ម ខ្នាតតូច និងសេវាកម្មទេសចរណ៍។
លោកងួន រតនៈ លើកឡើងថា ក្នុងវិស័យកសិកម្ម ខេត្តបាត់ដំបង ជាប់ឈ្មោះជាខេត្តជម្រុកស្រូវ នៃប្រទេសកម្ពុជា។ ក្នុងនោះ បាត់ដំបង មានប្រភពទឹកធំៗ ឆ្លងកាត់ គឺស្ទឹងមោង ស្ទឹងដូនទ្រី ស្ទឹងសង្កែ និងស្ទឹងមង្គលបុរី។ ក្នុងនោះ ក៏មានអាងទឹកធំៗ សម្រាប់តម្កល់ទឹក មានអាងដូនទ្រី មានទំនប់កំហត អាងសេកសក ក៏ដូចជា ទំនប់កំពីងពួយ ឬក៏ទំនប់បវិល ដែល អាចស្តុកទឹកបានជាង ២០០លានម៉ែត្រគីប ហើយ អាចផ្តល់សុវត្ថិភាពសម្រាប់ ធ្វើកសិកម្មជាង ៨ម៉ឺនហិកតាផងដែរ។

លោកអភិបាលខេត្ត ក៏បានបន្ថែមថា នៅឆ្នាំ២០១៩ កន្លងមក បាត់ដំបង បានដាំដុះស្រូវបានជាង ៣៨ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបជាង ១,២ លានតោន។ ក្នុងនោះ ស្បៀងដែលជាអង្ករ យើងសល់ដល់ទៅជាង ៥០ម៉ឺនតោន ហើយខេត្តបាត់ដំបង ក៏បាននាំអង្ករចេញ តាមក្រុមហ៊ុន ១៥ ក្រុមហ៊ុន ដោយក្នុងរយៈពេល ៤ខែនេះ នាំចេញអង្ករបានជាង ១០ម៉ឺនតោន ស្មើនឹង ៣៣% នៃការនាំចេញអង្ករ នៅទូទាំងប្រទេស។

ចំពោះវិស័យឧស្សាហកម្ម ខ្នាតតូច សហគ្រាស ក្រុមហ៊ុន ក៏ត្រូវបានលោក ងួន រតនៈ បញ្ជាក់ថា មានទាំងម៉ាស៊ីនស្រូវ រោងចក្រតូចធំ និងសហគ្រាសទាំងតូចទាំងធំ នៅបាត់ដំបង មានប្រមាណ ៦១៩ សហគ្រាស ដែលអាចស្រូបយកកម្លាំងពលកម្ម ១៤០០០ នាក់។
វិស័យសេវាកម្មទេសចរណ៍ នៅខេត្តបាត់ដំបង ក៏ត្រូវបានអភិបាលខេត្ត បន្តថា ខេត្តបាត់ដំបង ទោះបីជាមិនមានការវិនិយោគខ្លាំងពីខាងក្រៅ ក៏ប៉ុន្តែទេសចរណ៍ នៅខេត្តបាត់ដំបង ពឹងផ្អែកលើសក្តានុពលមួយចំនួន ដែលខេត្តបាត់ដំបង ជាខេត្តមួយ មានអាយុវ័យចំណាស់ ដែលបង្កប់ទៅដោយសំណាកបេតិកភណ្ឌពីអណានិគមបារាំង ទាំងអគារ ទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ជាពិសេសសក្តានុពលពីរមណីយដ្ឋានជាច្រើន ដែលមានរមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានប្រវត្តិសាស្ត្រ ធ្វើឲ្យជាធ្នាក់ទាក់ទេសចរ ធ្វើឲ្យគេចង់ទៅលេង ជាពិសេសថ្មីៗនេះ ការរៀបចំរបស់អ្នកបាត់ដំបង ដែលគេហៅថា ឡូរី តាមផ្លូវរថភ្លើងចាស់ ដែលយើងបំប្លែងជាកន្លែងកម្សាន្តជិះឡូរី។ ក្រៅពីនោះ មានសណ្ឋាគារ រមណីយដ្ឋានជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរ៕

ហេង សូរិយា


ចែករំលែក៖