ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពី “ការកំណត់ស្តង់ដា នៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិត”

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្ដីការក្រសួង រដ្ឋមន្ត្រីអប់រំ យុវជន និង កីឡា កម្ពុជា នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី “ការកំណត់ស្តង់ដា នៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិត” ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។

កិច្ចប្រជុំនេះមានគោលដៅពិនិត្យពិគ្រោះយោបល់លើការរៀបចំយន្តការពង្រឹងគុណភាពថ្នាក់បណ្ឌិត ដើម្បីពង្រឹងគុណវុឌ្ឍិបណ្ឌិតនៅកម្ពុជា ដែលក្នុងនោះរួមមាន លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនបណ្ឌិត និងប្រធានបទនិក្ខេបបទ ការរៀបចំកម្មវិធីសិក្សា យន្តការពិនិត្យវឌ្ឍនភាពនៃការសិក្សា និងការស្រាវជ្រាវ គុណវុឌ្ឍិគ្រូបង្រៀន និងគ្រូណែនាំ, ការសរសេរ និងការពារនិក្ខេបបទបញ្ចប់ការសិក្សា។ 

ជាមួយគ្នានេះដែរ កិច្ចប្រជុំបានពិនិត្យឡើងវិញលើការរៀបចំឯកសារសម្រាប់គ្រប់គ្រងគុណភាពបណ្តុះបណ្តាលថ្នាក់បណ្ឌិត រួមមាន ៖ (១) សេចក្តីណែនាំស្តីពី ការគ្រប់គ្រងគុណភាពនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតនៅតាមគ្រឹះស្ថាន ឧត្តមសិក្សា ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា (២) សេចក្តីណែនាំស្តីពី ការពង្រឹងគុណភាពនិក្ខេបបទថ្នាក់បណ្ឌិតនៅតាមគ្រឹះស្ថានឧត្តមសិក្សាក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា (៣) សេចក្តីណែនាំស្តីពី ការលើកកម្ពស់គុណភាព នៃការបោះពុម្ពផ្សាយអត្ថបទស្រាវជ្រាវ នៅតាមគ្រឹះស្ថានឧត្តមសិក្សាក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា (៤) លក្ខខណ្ឌស្នើសុំការពារបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត (៥) ការកែលម្អប្រកាស២៩១៤ ដើម្បីពង្រឹងលក្ខខណ្ឌ និងលក្ខណវិនិច្ឆ័យនៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ដោយផ្តោតសំខាន់លើ៖ ១) ទម្រង់កម្មវិធីសិក្សា ២) ការជ្រើសរើសនិស្សិតចូលរៀន ៣) គ្រូបង្រៀន និងគ្រូណែនាំ ៤) ប្រព័ន្ធគាំទ្រនិស្សិត ៥) ការគ្រប់គុណភាពនិក្ខេបបទ និងការបោះពុម្ព ៦) លក្ខខណ្ឌបញ្ចប់ការសិក្សា និង ៧) ការដាក់ពិន័យ។

ដើម្បីបន្តជំរុញប្រសិទ្ធភាពកំណែទម្រង់ថ្នាក់បណ្ឌិត ខ្ញុំសូមផ្តល់អនុសាសន៍ដល់ក្រុមការងារមួយចំនួនក

គឺត្រូវបង្កើតគណៈកម្មការវាយតម្លៃ ,យន្តការប្រឡងដើម្បីវាស់ស្ទង់សមត្ថភាពបេក្ខជនបណ្ឌិត, ពិនិត្យលើសមាសភាពគណៈកម្មការវាយតម្លៃគុណភាពនិក្ខេបបទ និងគុណភាពអត្ថបទស្រាវជ្រាវ ត្រូវតែឱ្យចំឯកទេស និងបទពិសោធការងារ, ផ្សព្វផ្សាយយន្តការពង្រឹងគុណភាពថ្នាក់បណ្ឌិតនេះឱ្យបានទូលំទូលាយជាមួយគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន , រៀបចំស្តង់ដាសម្រាប់វាយតម្លៃការបណ្តុះបណ្តាលថ្នាក់បណ្ឌិតនៅតាមគ្រឹះស្ថានឧត្តមសិក្សា, រៀបចំបណ្ណាល័យនិក្ខេបបទ ដោយប្រមូលផ្តុំរាល់និក្ខេបបទដែលមានការឯកភាពឱ្យផ្សព្វផ្សាយបន្ត ដាក់នៅបណ្ណាល័យជួនណាត និងបង្កើតបណ្ណាល័យឌីជីថល តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី៕ 

ដោយ ៖ សិលា


ចែករំលែក៖