ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកព្យាយាមលុបចិនចេញពីគម្រោងផលិតទឹកសាបធំបំផុតលើពិភពលោក

ចែករំលែក៖

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់អុីស្រាអែលកាលពីថ្ងៃទី១៣ខែឧសភា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសថា លោកនឹងជំរុញឲ្យអុីស្រាអែលដកក្រុមហ៊ុនចិនចេញពីការសាងសង់ និងដំណើរការរោងចក្រចម្រោះទឹកសមុទ្រឲ្យទៅជាទឹកសាបធំបំផុតនៅលើពិភពលោក។

រដ្ឋាភិបាលអាមេរិក បារម្ភខ្លាចក្រុមហ៊ុន Hutchison របស់ចិនទទួលបានជ័យជម្នះក្នុងការដេញថ្លៃសាងសង់រោងចក្រចម្រោះទឹកធំបំផុតលើពិភពលោក ស្ថិតនៅតំបន់សមុទ្រ Palmahim ភាគខាងត្បូងអុីស្រាអែល។

រោងចក្រចម្រោះទឹក មានឈ្មោះថា Sorek 2 អាចចម្រោះបានរហូតដល់ទៅ២០០លានម៉ែត្រគូបក្នុងមួយឆ្នាំ ជួយឲ្យចំនួនការចម្រោះទឹកសាបកើនឡើងដល់៧៨៦ លានម៉ែត្រគូបស្មើនឹង ៨៥ភាគរយ នៃតម្រូវការប្រើប្រាស់ក្នុងស្រុក។ គម្រោងខាងលើនឹងត្រូវចំណាយប្រាក់ប្រមាណ១,៥ ពាន់លានដុល្លារ ហើយអ្នកឈ្នះ នឹងគ្រប់គ្រងក្រុមហ៊ុនរយៈពេល២៥ឆ្នាំ។

បណ្តាញទូរទស្សន៍ Channel 13 news របស់អុីស្រាអែល បានផ្សាយថា រដ្ឋាភិបាលអាមេរិកបានស្នើដល់អុីស្រាអែល វាយតម្លៃឡើងវិញ ពីការអនុញ្ញាតឲ្យក្រុមហ៊ុនរបស់ចិនHutchison ដេញថ្លៃក្នុងការសាងសង់រោងចក្រខាងលើ។ សកម្មភាពខាងលើកើតឡើងក្រោយអាមេរិកនិងចិនប្រឈមមុខតានតឹងដាក់គ្នា ពាក់ព័ន្ធកូវីដ-១៩៕ដោយ៖ធី រីណា

 


ចែករំលែក៖