ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិឹងកន្លែងកើតហេតុខណ:បើកត្រាក់ទ័រភ្ជួរដីក្នុងចម្ការស្វាយចន្ទី ជាន់ប៉ះចំមីនតោន នៅថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទី ស្ថិតនៅភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា មានករណីត្រាក់ទ័រភ្ជួរដីជាន់មីនតោននៅចំណុចអូរអំបិលព្រៃស្អាក ស្ថិតក្នុងភូមិអូរតាម៉េង ឃុំ-ស្រុកអន្លង់វែង បណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ និងខូចត្រាក់ទ័រទាំងស្រុង។ ជនរងគ្រោះជាអ្នកបើកបរ ឈ្មោះ យ៉ាង ចាន់ថុល ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរកសិករ បានបើកត្រាក់ទ័រភ្ជួរដីក្នុងចម្ការស្វាយចន្ទីហើយជាន់មីនតោនបណ្តាលឲ្យផ្ទុះស្លាប់តែម្តង ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះបើកត្រាក់ទ័រភ្ជួរដីក្នុងចម្ការស្វាយចន្ទី ជាន់ចំមីនតោន ដែលបានសេសសល់ពីសម័យសង្គ្រាម។ករណីនេះបន្ទាប់ពីទទួលបានព័ត៌មានភ្លាម អធិការនគរបាលស្រុក បានចាត់កម្លាំងប៉ុស្តិ៍រដ្ឋបាលអន្លង់វែង ចុះទៅត្រួតពិនិត្យនៅកន្លែងកើតហេតុ រួចហើយបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ប៉ែន នួន