ភ្នំពេញ៖ រដ្ឋាភិបាលបារាំង បានចាប់ផ្ដើមបន្ធូរបន្ថយបទបញ្ជាបិទប្រទេសរបស់ខ្លួន ក្នុងការទប់ស្កាត់COVID-19 បើទោះរងការព្រមានខ្លះពាក់ព័ន្ធ «រលកឆ្លងទី២»ក៏ដោយ ពេលនេះសាលារៀនរាប់ពាន់នៅទូទាំងប្រទេសបារាំង ត្រូវបានបើកទ្វារទទួលសិស្សឲ្យចូលអង្គុយរៀនក្នុងថ្នាក់ជាថ្មី នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីអប់រំបារាំងលោក Jean-Michel Blanquer សាទរចំពោះការបើកដំណើរសាលារៀនឡើងវិញនេះ ដែលនឹងអនុវត្តជាបណ្ដើរៗនៅទូទាំងប្រទេស រួមទាំងសាលារៀនក្នុងរដ្ឋធានី បារីស ផងដែរ នាថ្ងៃទី១៤ខែឧសភាខាងមុខ។សាលារៀនកម្រិតអនុវិទ្យាល័យខ្លះ នឹងបន្តមេរៀនក្នុងបន្ទប់រៀននាសប្តាហ៍មុន។
ដើម្បីបន្ថយកង្វល់ឪពុកម្ដាយជុំវិញសុវត្ថិភាពកូនៗពួកគេ រដ្ឋាភិបាលបារាំងបានផ្ដល់សិទ្ធិក្នុងការសម្រេចចិត្តដល់ពួកគេដើម្បីអនុញ្ញាតឲ្យកូនៗពួកគេត្រលប់ទៅកាន់ថ្នាក់រៀនវិញ ឬបន្តស្នាក់នៅផ្ទះ។ អង្គការជាច្រើន បានរិះគន់ការសម្រេចចិត្តបើកសាលារៀនឡើងវិញនេះ ដោយចាត់ទុកការសម្រេចចិត្តនេះធ្វើឡើងមុនពេលកំណត់។ អ្នកជំនាញមួយចំនួន ក៏លើកឡើងសំណួរទាក់ទិននឹងការសម្រេចចិត្តផងដែរ។
យ៉ាងណាមិញ សាលារៀនកម្រិតបឋមសិក្សា និងកម្រិតមត្តេយ្យសិក្សាដោយគ្រូបង្រៀនតម្រូវឲ្យពាក់ម៉ាស់ ហើយតុអង្គុយកូនសិស្សត្រូវរៀបចំគម្លាតត្រឹមត្រូវ ដើម្បីបញ្ចៀសការរាលដាលជំងឺ COVID-19 ។
សូមបញ្ជាក់ថា បារាំង បានផ្ដើមបន្ធូរបន្ថយបញ្ជាបិទប្រទេសរយៈពេល២ខែ កាលពីថ្ងៃទី១១ ខែឧសភា។ ពលរដ្ឋបារាំង អាចចេញដើរហើរនៅក្រៅបរិវេណផ្ទះពួកគេដោយពុំត្រូវការលិខិតសុំអនុញ្ញាតជាលើកដំបូង ក្នុងពេលជិត៨សប្តាហ៍ចុងក្រោយ ហើយហាងអាជីវកម្មខ្លះបើកទ្វារឡើងវិញ ។
គួរជម្រាបថា ករណីស្លាប់ដោយសារCOVID-19 សរុបក្នុងប្រទេសបារាំងមានចំនួន ២៦ ៩៩១ករណី ក្នុងនោះករណីរកឃើញថ្មី ៣៤៨នាក់នៅថ្ងៃទី១២ ខែឧសភា ។ ជាមួយតួលេខថ្មីនេះ បារាំងក្លាយជាប្រទេសដែលមានករណីស្លាប់COVID-19សរុបលំដាប់ទី៤លើពិភពលោកតាមពីក្រោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអុីតាលី ។ ចំណែកតួលេខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល បានធ្លាក់ចុះពី២២ ២៨៤នាក់ មកត្រឹម២១៥៩៥នាក់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលបារាំង នៅថ្ងៃទី ១១ ខែឧសភា ហើយនិន្នការធ្លាក់ចុះបែបនេះបន្តឥតដាច់ក្នុងពេល៤សប្ដាហ៍ចុងក្រោយ ៕ដោយ៖ស តារា