ខេត្តឧត្តរមានជ័យ៖ តាមនីតិវិធីបន្ទាប់ពី ធ្វើកំណត់ហេតុស្តាប់ចម្លើយ ទៅលើជនសង្ស័យជាឪពុកចុង ធ្វើទារុណ្ឌកម្មចាប់កាច់ដៃជើងកូន នោះរួចរាល់ អាចនៅព្រឹកស្អែក នគរបាលខេត្តឧត្ដរមានជ័យ នឹងបញ្ជូនឈ្មោះ ធួន ផាណា ទៅអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ចាត់ការបន្តតាមនីតិវិធី។
នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានអោយដឹងថា៖ ចំពោះករណីខាងលើ សមត្ថកិច្ចជំនាញរបស់លោក ត្រូវកសាងសំណុំរឿងបញ្ជូនឈ្មោះ ធួន ផាណា ទៅអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់នៅព្រឹកស្អែក ។
សូមបញ្ជាក់ថា៖ ឈ្មោះ ធួន ផាណា ត្រូវបានសមត្ថកិច្ចនគរបាលខេត្តឧត្ដរមានជ័យ ឃាត់ខ្លួននៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០ ក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ ពីបទពាក់ព័ន្ធនឹងប្រេីហឹង្សាលេីកុមារ ប្រព្រឹត្តិទៅកាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២០ ធ្វើទារុណ្ឌលើកូនចុងរបស់ខ្លួន ដោយកាច់ដៃ កាច់ជើង ធ្វើអោយក្មេងអាយុជិត១ខួប ឈឺចាប់គួរអោយអាណិតបំផុត។
តាមពិតទៅអំពើដ៏សហាវឃោឃៅ ប្រព្រឹត្តដោយ ឈ្មោះ ធួន ផាណា បានបែកធ្លាយបន្ទាប់ពី ហ្វេសប៊ុក ឈ្មោះ Long Samnang បង្ហោះរូបថត កុមាររងគ្រោះបាក់ដៃ បាក់ជេីង ហេីយបានចោទប្រកាន់ថាឈ្មោះ ធួន ផាណា ជាអ្នកប្រព្រឹត្ត ។ គណនី ហ្វេសប៊ុក Long Samnang ក៏បានអោយដឹងទៀតថា ខ្លួននាំម្ដាយកុមាររងគ្រោះទៅដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ ២០២០ដេីម្បីចាត់ការឈ្មោះ ធួន ផាណា តាមផ្លូវច្បាប់ ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹងរួចហេីយ លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ បានចាត់ចែងបញ្ជាអោយកម្លាំងជំនាញស្រាវជ្រាវករណីនេះដោយយកចិត្តទុកដាក់ រហូតដល់ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២០ សមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះធួន ផាណា បានតែម្ដង យកមកសាកសួរ។
ការប្រព្រឹត្តអំពើដ៏ព្រៃផ្សៃនេះ មានប្រជាពលរដ្ឋច្រើនណាស់ ខឹងសម្បារ ទៅលើជនរូបនោះ ប្រៀបធៀបទៅមនុស្សគ្មានគុណធម៍ អន់ជាងសត្វ និងសំណូមពរអោយសមត្ថកិច្ចឃាត់ខ្លួន យកទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់ អោយខានតែបាន។
ជុំវិញបញ្ហានេះ មានមជ្ឈដ្ឋានមហាជន ពីប្រជាពលរដ្ឋ បានកោតសរសេីរចំពោះ សមត្ថកិច្ច នគរបាលខេត្តឧត្ដរមានជ័យ ជាពិសេស លោកឧត្ដមសេនីយ៍ទោ ម៉ែន លី ជាស្នងការដែលបានយកចិត្តទុកដាក់ស្រាវជ្រាវ ឃាត់ខ្លួនជនល្មេីសយកមកផ្ដន្ទាទោសតាមច្បាប់ និងរកយុត្តិធម៌ជូនកុមាររងគ្រោះ ។
ជនសង្ស័យ ឈ្មោះ ធួន ផាណា ត្រូវបានគេចាត់ទុកថា ជនតិរច្ឆាន គ្មានសីលធម៍ អាណិតអាសូរក្មេង ប្រព្រឹត្តក្នុងបទឧក្រិដ្ឋ ដែលសង្គមស្អប់ខ្ពើមបំផុត៕ដោយ៖សិលា