ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវកងរាជអាវុធហត្ថបញ្ជូនទៅកាន់តុលាការពាក់ព័ន្ធករណី លួចម៉ូតូនិងទទួលទិញផលចោរកម្ម

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចជំនាញរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០  បានបញ្ជូនជនសង្ស័យ០២នាក់ទៅកាន់តុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចម៉ូតូ និងទទួលទិញ ផលចោរកម្ម។

មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ លី ហ្វាស៊ី ហៅ អាស៊ីស្បែកគោ អាយុ ២៧ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម ទី២-ឈ្មោះ ម៉ាត់ ការីម អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម។

មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងទៀតថា កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញនៃកងរាជអាវុធហត្ថខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋម្នាក់ដែលត្រូវជនសង្ស័យលួចម៉ូតូ០១គ្រឿង ម៉ាក Honda ស៊េរីឆ្នាំ២០១០ នៅចំណុចមុខ ម៉ាតឈ្មោះ (ជម្ពូ BBម៉ាត) ស្ថិតក្នុងខណ្ឌឫស្សីកែវ។

ក្រោយពីទទួលពាក្យបណ្ដឹងភ្លាមកម្លាំងជំនាញ របស់កងរាជអាវុធហត្ថខណ្ឌឫស្សីកែវ បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ ដោយធ្វើកាអង្កេតនិងតាមដានរហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២ និង ២០នាទីរសៀល ទើបកម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ លី ហ្វាស៊ី ហៅ អាស៊ីស្បែកគោ អាយុ ២៧ឆ្នាំ (ជាជនដៃដល់ធ្វើសកម្មភាពលួច) ហើយបានបន្តស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ម៉ាត់ ការីម អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម (ជាអ្នកទទួលទិញផលចោរកម្ម) នៅវេលាម៉ោង៥ និង ៣០នាទីល្ងាចថ្ងៃដដែល ព្រមទាំងបានចាប់យកវត្ថុតាងម៉ូតូ០១គ្រឿងដែលជារបស់ជនរងគ្រោះ ប្រគល់ជូនម្ចាស់ដើមវិញ។

មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងទៀតថា នៅពេលសួរនាំជនសង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួច និងទទួលទិញផលចោរកម្មប្រាកដមែនថែមទាំងធ្លាប់បានប្រើប្រាស់គ្រឿងញៀនទៀតផង៕

ជ្រោយពេជ្រ


ចែករំលែក៖