ភ្នំពេញ ៖ បើយោងតាមកិច្ចសន្យា របស់ភិក្ខុ ឡុង ចន្ថា គង់នៅវត្ត ភ្នំបូរី ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ គឺសុំលាចាកសិក្ខាបទ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០។ ក្នុងនោះ ភិក្ខុ ឡុង ចន្ថា សរេសរក្នុងកិច្ចសន្យាថា៖ ដោយពេលថ្មីៗនេះមានសំឡេងបែកធ្លាយ តាមហ្វេសប៊ុកជាមួយនឹងស្ត្រីម្នាក់ ដែលនាំអោយប៉ះពាល់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ បើគិតក្នុងទោសព្រះវិន័យ មិនដល់ថ្នាក់សឹកទេ ប៉ុន្តែកុំឱ្យខូចតម្លៃព្រះពុទ្ធសាសនា ខ្ញុំព្រះករុណាអាត្មាភាព សុំលាចាកសិក្ខាបទ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ។ ផ្ទុយទៅវិញដល់ថ្ងៃកំណត់ លាចាកសិក្ខាបទ ភិក្ខុ ឡុង ចន្ថា« ថាមិនទាន់អស់និស្ស័យព្រះពុទ្ធសាសនា ដូច្នេះកិច្ចសន្យាមិនចង់អោយខូចតម្លៃព្រះពុទ្ធសាសនា និងទៅជាយ៉ាងណាវិញ?»។
ក្នុងនោះ ភិក្ខុ ឡុង ចន្ថា បានបង្ហោះលើ Facebook ផ្លូវការ នៅថ្ងៃនេះថា៖ «ទូលព្រះបង្គំសូមទូលប្រគេនថ្វាយសម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក នឹងព្រះមន្ត្រីសង្ឃគ្រប់ជាន់ថ្នាក់ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតហើយសូមជូនដំណឹងដល់ញាតិញោមជាទីស្រលាញ់ពេញចិត្តទាំងក្នុងនឹងក្រៅប្រទេសជាទីរាប់អាន ទូលព្រះបង្គំសូមទូលថ្វាយ និងចម្រើនពរថា ដោយនិស្ស័យព្រះផ្នួសរបស់ខ្ញុំព្រះករុណា អាត្មាភាព មិនអស់និស្ស័យនៅឡើយនោះ ទូលព្រះបង្គំទទួលកំហុស និងប្រព្រឹត្តឱ្យបានល្អតាមព្រះវិន័យ អោយល្អប្រសើរឡើងវិញ។
ពាក់ព័ន្ធករណីនេះ លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ បានប្រាប់អង្គភាព«នគរវត្ត» នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ថា៖ តាមពិត ភិក្ខុ ឡុង ចន្ថា បានប្រព្រឹត្តខុសនឹងវិន័យសង្ឃ ដែលនាំអោយប៉ះពាល់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ បើគិតក្នុងទោសព្រះវិន័យ ដោយសារសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ។ កន្លងមកទាំងគណៈសង្ឃក្រុមការងារមិនបានបង្ខំអោយលោកសឹកទេ តែភិក្ខុ ឡុង ចន្ថា ស័្មគ្រលាចាកសិក្ខាបទ ដោយខ្លួនឯង ខណៈទទួលកំហុស និងយល់ឃើញថា ប៉ះពាល់វិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ ។ លោកបន្តថា៖ ទោះជាគ្មានមន្ត្រីសង្ឃថ្នាក់ស្រុក-ខេត្ត មិនដល់ថ្នាក់ចាប់បង្ខំលោកសឹកក៏ដោយ ក៏គួរតែគោរពតាមកិច្ចសន្យានោះទៅល្អបាត់ទៅហើយ។
លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តតាកែវ បានបន្តថា៖ ពេលនេះខ្ញុំនិងមន្ត្រីសង្ឃស្រុក-ខេត្ត អាជ្ញាធរ ធ្វើដំណើរទៅកាន់វត្តហ្នឹង.! រងចាំលោកថាតើលាចាកសិក្ខាបទ តាមកិច្ចសន្យា ឬមួយយ៉ាងណា ព្រោះមកទល់សៀលនេះមិនហួសថ្ងៃនៅឡើយទេ។
ភិក្ខុ ឡុង ចន្ថា មានកំហុសធ្ងន់ ហ៊ានលួចប្រតិព័ទ្ធសង្សារគេ តាមឆាតឆ្លងឆ្លើយលើ Facebook ក្នុងវិន័យសង្ឃ ការសម្រេចលាចាកសិក្ខាបទនោះជាជម្រើសត្រឹមត្រូវ តែដល់ថ្ងៃកំណត់តាមកិច្ចសន្យា បែជា លើកហេតុផល ដោយនិស្ស័យព្រះផ្នួសរបស់ខ្ញុំព្រះករុណា អាត្មាភាព មិនអស់និស្ស័យនៅឡើយនោះ ទូលព្រះបង្គំទទួលកំហុស និងប្រព្រឹត្តឱ្យបានល្អតាមព្រះវិន័យ អោយល្អប្រសើរឡើងវិញ។ មានន័យស្មើមិនសឹក នោះជារឿងដែលមន្ត្រីសង្ឃស្រុក-ខេត្ត ធ្វើកិច្ចការនេះ ដោយឡែកខាងមន្ទីរធម្មការ និងសាសនាខេត្តតាកែវ ជាសាក្សីចូលរួមដឹងឮតែប៉ុណ្ណោះ៕ដោយ៖សុខ ខេមរា