ព័ត៌មានទាន់ហេតុការណ៍៖

ការជួបជុំសាសនានៅបារាំង នឹងអនុញ្ញាតឡើងវិញ នៅដើមខែមិថុនា

ចែករំលែក៖

ប្រទេសបារាំង៖ ពិធីជួបជុំតាមបែបសាសនានៅបារាំង អាចទទួលបានការ អនុញ្ញាតឡើងវិញ ក្រោយពេលតុលាការបារាំង បានចេញដីកាឲ្យរដ្ឋាភិបាល ទីក្រុងប៉ារីសលុបបំរាម លើការជួបជុំបូជាតាមបែបសាសនា។
សារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែឧសភា បានផ្សាយថា៖ តុលាការរដ្ឋបាលរបស់ប្រទេសបារាំងបានសម្រេចឲ្យ រដ្ឋាភិបាលត្រូវតែលុបចោលបម្រាមលើការជួបជុំ នៅកន្លែងគោរពបូជាសាសនា ក្នុងរយៈពេលប្រាំបីថ្ងៃទៀត ។ ការប្រមូលផ្តុំ នៅកន្លែងគោរពបូជាតាមបែបសាសនា នៅក្នុងប្រទេសបារាំង ត្រូវបានហាមឃាត់ លើកលែងតែពិធីបុណ្យសពប៉ុណ្ណោះ ដែលបានកំណត់ឲ្យមនុស្សចូលរួម ឬជួបជុំគ្នាត្រឹមតែ២០នាក់ ។
លោក Bruno Retailleau មេដឹកនាំគណបក្សស្តាំនិយម បានថ្លែងនៅលើបណ្តាញសង្គម Twitter ថា សេចក្តីសម្រេចរបស់តុលាការរដ្ឋបាលនេះ គឺជា “ដំណឹងល្អសម្រាប់សេរីភាពខាងសាសនា” ។ បច្ចុប្បន្ន ប្រទេសបារាំងកំពុងស្ថិតនៅចំណុចកណ្តាល នៃការបន្ធូរបន្ថយច្បាប់រិតត្បិត ប៉ុន្តែ ក៏បានប្រុងប្រយ័ត្នខ្លាចមានករណីរឆ្លងកូវីដ១៩ លើកទីពីរ ។ មេដឹកនាំសាសនាទាំងអស់ត្រូវបានគេណែនាំមិនឱ្យរៀបចំពិធីជួបជុំ ចាប់ពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ។

ប្រទេសបារាំងមានករណីកូវីដ១៩ នៅក្នុងខែកុម្ភៈ ដែលមានប្រភពដើមពីក្នុងព្រះវិហារសាសនា ។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅព្រះវិហារ ក្នុងទីក្រុង Mulhouse ដើម្បីប្រារព្ធពិធីសាសនា រយៈពេលមួយសប្តាហ៍ ។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា មនុស្សប្រហែល២៥០០ នាក់ជុំវិញពិភពលោក មានជាប់ពាក់ព័ន្ធការឆ្លងវីរុសកូវីដ១៩ ចេញពីព្រះវិហារ Mulhouse នោះ ៕ដោយ៖ធី រីណា


ចែករំលែក៖