ភ្នំពេញ ៖ ដោយមេីលឃេីញថាបុគ្គលភិក្ខុ ឡុង ចន្ថា ពុំបានអនុវត្តនូវកិច្ចសន្យារបស់ខ្លួនក្នុងការលាចាកសិក្ខាបទ ហេីយថែមទាំងបានរំលោភលើកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្ត ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យក្នុងអតីតកាលជាច្រើនលើកច្រើនសារមកហើយ ទេីបនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ គណៈសង្ឃនាយក នន្ទ ង៉ែត បានសម្រេចប្រគេនមកព្រះមេគណទាំង២៥ រាជធានី-ខេត្ត ចំណាត់ការបន្តលើអធិការណ៍ភិក្ខុ ឡុង ចន្ថា គង់នៅវត្តភ្នំបូរី ឃុំព្រែកផ្ទោល តម្រូវឲ្យចាត់វិធានការណ៍លាចាកសិក្ខាបទ ។
ក្នុងលិខិតគណៈសង្ឃនាយកបញ្ជាក់ថា សូមប្រគេនព្រះមេគណទាំង២៥ រាជ ធានី-ខេត្ត ឆ្លងតាមសង្ឃសវនាការ និងដំណោះស្រាយសាលាគណខេត្តតាកែវលើអធិករណ៍ភិក្ខុ ឡុង ចន្ថា រួចមកឃើញថា សាលាគណបានអនុវត្តចំណាត់ការបានល្អត្រឹមត្រូវតាមវិន័យ ពុទ្ធសាសនាហើយ ប៉ុន្តែភិក្ខុ ឡុង ចន្ថា ពុំបានអនុវត្តនូវកិច្ចសន្យារបស់ខ្លួនក្នុងការលាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ នោះឡើយ ថែមទាំងបានរំលោភលើកិច្ចសន្យារបស់ខ្លួនដែល
បានធ្វើជាមួយសាលាគណខេត្ត ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យក្នុងអតីតកាលជាច្រើនលើកច្រើនសារ
មកហើយ។
លិខិតគណៈសង្ឃនាយកបញ្ជាក់ទៀតថា គណៈសង្ឃនាយកចាត់ទុកថា ភិក្ខុ ឡុង ចន្ថា ជាបុគ្គលរបឹងរឹងរុស (ទុព្វចជាតិកភិក្ខុ )មិនលុះក្នុងធម៌វិន័យ និងការអប់រំ ជាអ្នកប្រទូស្តសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និងជាអ្នកទំលុះរដ្ឋបាលសង្ឃ ពុំអាចឱ្យស្ថិតនៅក្នុងភេទជាបព្វជិតក្នុងពុទ្ធសាសនាបន្តទៀតបានឡើយ។
លិខិតគណៈសង្ឃនាយកតម្រូវឲ្យគ្រប់ព្រះមេគណគ្រប់រាជធានី-ខេត្ត ទូទាំងប្រទេសកុំផ្តល់អាវាសដល់បុគ្គលរូបនេះឱ្យស្នាក់បន្តក្នុងសាសនានេះតទៅទៀត ផ្ទុយទៅវិញ បើឃើញបុគ្គលរូបនេះក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការឱ្យលាចាកសិក្ខាបទតាមកិច្ចសន្យារបស់ខ្លួនដែលបានធ្វើជាមួយសាលាគណខេត្តតាកែវ ៕
ដោយ ៖ ជាយក្រុង