ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកសំរាម ដាច់កាឡេកង់ រេចង្កូតទៅបុកជាមួយរថយន្តស្តារិច ទាំងកំរោលរបួសមនុស្ស២នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកូរ៉េដឹកសំរាមមួយគ្រឿង ខណៈដែលកំពុងបើកបរ ស្រាប់តែដាច់កាឡេ រួចរេចង្កូតទៅបុកជាមួយរថយន្តស្តារិចមួយគ្រឿងទៀត បេីកបរដោយជនជាតិចិន ក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យរួចខ្ទេចកាប៊ីនមុខរបួស២នាក់ឪពុកកូនកៀបជាប់កាប៊ីន បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅតាមផ្លូវបេតុង ជាប់អង្គភាពកងទ័ពឆ័ត្រយោង ក្នុងភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ 3519 ភព២បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយកូនប្រុសតូចម្នាក់ ដឹកសំរាម កាកសំណល់ភាគច្រើនសុទ្ធតែទឹកថ្នាំពណ៌ ធ្វើដំណើរតាមផ្លូវបេតុងពីត្បូងទៅជើង លុះជិះមកដល់ចំណុចខាងលើ បានដាច់កាឡេកង់មុខ រួចធ្លាក់ជង្ហុកនឹងផ្លូវ រេវិលកាត់ទទឹងផ្លូវ ទៅបុកជាមួយរថយន្តហ៉ីយ៉ាន់ដាយស្តារិច ម៉ាកH1 ពណ៌ស្ករពាក់ស្លាកលេខ កំពង់ស្ពឺ 2B-8766 ជារថយន្តក្រុមហ៊ុនចិន ជិះគ្នា២នាក់បើកបរដោយជនជាតិខ្មែរ រួមដំណើរដោយជនជាតិចិន ពីជើងទៅត្បូងបណ្តាលឲ្យរថយន្តខ្ទេចរួញកៀបជាប់គ្នា ភាគីខាងរថយន្តដឹកសំរាមកៀបជាប់២នាក់ឪពុកកូន រងរបួសធ្ងន់ឪពុក ចំណែកកូនរបួសស្រាល

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋជួយគាស់យកចេញហើយក្រុមគ្រួសារ ដឹកតាមម៉ូតូរ៉ឺម៉ក បញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២គ្រឿង សមត្ថកិច្ចចុះទៅពិនិត្យ រួចប្រគល់ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានាពេលក្រោយ ៕ដោយ៖សុខា សែនជ័យ


ចែករំលែក៖