ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងនឹងបន្តពិភាក្សាជាមួយអាមេរិក ក្រោយការបោះឆ្នោត

ចែករំលែក៖

ប្រទេសកូរ៉េខាងជើង៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងព្យុងយ៉ាងកូរ៉េខាងជើង បានប្រកាសទៅកាន់ក្រុមអ្នកសារព័ត៌មានថា កូរ៉េខាងជើង បានផ្អាករាល់សកម្មភាពពិភាក្សាជាមួយអាមេរិក រហូតដល់ ការបោះឆ្នោតរួចរាល់ ហើយអាមេរិកមានរដ្ឋាភិបាលថ្មីទើបបន្តពិភាក្សា។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានជួបជាមួយមេដឹកនាំគីម ជុងអ៊ុន ៣លើករួចមកហើយ ដោយមានទំនាក់ទំនងបុគ្គលល្អ ប៉ុន្តែភាគីទាំងពីរនៅតែមិនមានកិច្ចព្រមព្រៀងណាមួយជាផ្លូវការនោះឡើយ។
សារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់សម្តី ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចំានៅកូរ៉េខាងជើង លោក Alexander Matsegora បញ្ជាក់ថា «អំពីកិច្ចពិភាក្សា ជាមួយទីក្រុងវ៉ាស៊ីនតោន នាពេលកន្លងមក កូរ៉េខាងជើង ចាត់ទុកជារឿងអត់ន័យ ហើយនឹងគិតដល់កិច្ចពិភាក្សាថ្មី ក្រោយការបោះឆ្នោតអាមេរិក»។
ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៊ី ក៏បានថ្កោលទោសដល់ការដាក់ទណ្ឌកម្មរបស់អាមេរិក ធ្វើឲ្យកូរ៉េខាងជើង ប្រឈមនិឹងផលលំបាកជាច្រើន ។
ឯកអគ្គរដ្ឋទូតរុស្ស៊ី ក៏បានលើកឡើងផងដែរថា រុស្ស៊ីនឹងបន្តសកម្មភាព នាំចេញប្រេងទៅកាន់កូរ៉េខាងជើង ជាបន្ត ក្រោយការផ្អាកជាច្រើនខែដោយសារកូវីដ-១៩ ។ ជាមួយគ្នានេះរុស្ស៊ីក៏បានឡើងគម្រោងផ្តល់ជំនួយ ស្រូវសាលីឲ្យទៅកូរ៉េខាងជើង មុនពេលប្រទេសនេះប្រមូលផលស្រូវនៅចុងខែមិថុនា ខាងមុខ។ ការផ្តល់ជំនួយរបស់រុស្ស៊ី គឺដោយសារតែកូរ៉េខាងជើង ជួបគ្រោះរាំងស្ងួត ហើយប្រឈមនិឹងការបិទប្រទេសដោយកូវីដ-១៩ ។ កាលពីពេលកន្លងមកថ្មីៗរុស្ស៊ីក៏បានផ្តល់ជំនួយ ស្រូវសាលី២៥ពាន់តោនផងដែរ ដល់កូរ៉េខាងជើង៕

ដោយ៖ធី រីណា


ចែករំលែក៖