វៀតណាម៖ តាមប្រភពព័ត៌មាន ពីគណៈកម្មការជាតិប្រឆាំងជំងឺឆ្លង កូវីដ-១៩ បានប្រកាសថា គិតដល់វេលាម៉ោង១៨ ថ្ងៃទី២០ខែឧសភា វៀតណាម មិនមានអ្នកឆ្លងថ្មីនៅក្នុងប្រទេសឡើយ រយៈពេល៣៤ថ្ងៃជាប់គ្នា។ ចំនួនអ្នកឆ្លងកូវីដ-១៩នៅវៀតណាម មានអ្នកឆ្លងសរុប ៣២៤នាក់ ក្នុងនោះមាន ២៦៤នាក់បានជាសះស្បើយចេញពីមន្ទីរពេទ្យហើយ។
សារព័ត៌មាន VTCnews នៅថ្ងៃទី២០ខែឧសភាបានដកស្រង់ ការប្រកាសរបស់ គណៈកម្មការជាតិប្រឆាំងជំងឺឆ្លង កូវីដ-១៩ បានប្រកាសថា នេះជាលទ្ធផលនៃការខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។ ប៉ុន្តែបច្ចុប្បន្ន នៅមានមនុស្ស ៧៩៤៥នាក់ដែលមកពីតំបន់មានអ្នកឆ្លងច្រើន និងប៉ះពាល់ដោយផ្ទាល់ និងប្រយោល ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដាន បញ្ជៀសការឆ្លងក្នុងសហគមន៍។
នៅល្ងាចថ្ងៃទី២០ខែឧសភានេះដែរ អ្នកជំងឺ ៣នាក់ទៀត បានជាសះស្បើយដោយធ្វើតេស្ត អវិជ្ជមានចំពោះកូវីដ-១៩ ។
ពាក់ព័ន្ធនឹងអ្នកជំងឺធ្ងន់បំផុតនៅវៀតណាម គឺជាអាកាសយានិកជនជាតិអង់គ្លេស ដែលកំពុងតែព្យាបាលនៅទីក្រុង ហូ ជីមីញ មានសញ្ញាល្អឡើងវិញហើយ បើទោះបីត្រូវប្រើម៉ាស៊ីនជំនួយដកដង្ហើមក្តី។
នៅពេលនេះក្រុមគ្រូពេទ្យវៀតណាមបានប្តេជ្ញាព្យាបាលអ្នកជំងឺជនជាតិអង់គ្លេសរូបនេះឲ្យជាសះស្បើយ ដោយមិនចង់ឲ្យមានអ្នកស្លាប់ដោយកូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួននោះឡើយ៕ដោយ៖ធី រីណា