ខេត្តបន្ទាយមានជ័យ ៖ កម្មករម្នាក់បានដុតសំរាមរួចមិនពន្លត់ភ្លើងឲ្យបានត្រឹមត្រូវបណ្តាលឲ្យឆេះរាលដាលដល់ដើមកក់ក្នុងបឹងក្រោយមន្ទីរពេទ្យ ធ្វើឲ្យអ្នកជំងឺដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនាំគ្នារត់ប្រសេចប្រសាចពេញក្នុងមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨ យប់ ថ្ងៃ២១ ខែឧសភា ២០២០ក្រោយមន្ទីរពេទ្យខេត្ត មិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ក្នុងស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងថានៅវេលាម៉ោងប្រហែលជិត៨យប់នោះមានកម្មករម្នាក់បានដុតសំរាមនៅកន្លែងជិតបឹងកក់នោះដោយមិនបានពន្លត់ក្រោយមកទៀតភ្លើងបានឆេះរាលដាលដល់កក់ក្នុងបឹងបណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅ។ភ្លើងបានឆេះពេញបន្ទុកស្របពេលនោះមានអ្នកកំដជំងឺជួយបាញ់ទឹកពន្លត់ដែរតែដោយសារតែភ្លើងឆេះពេញបន្ទុកមិនអាចបាញ់ទឹកពន្លត់បាន។ភ្លាមនោះដែរគេបានឃើញរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលស្រុកមង្គលបូរីជាច្រើនគ្រឿង មានកម្លាំងរបស់នគរបាលពន្លត់អគ្គិភ័យ កងរាជអាវុធហត្ថខេត្ត កម្លាំងយោធា និង មន្ត្រីមូលដ្ឋាន បានព្រួតដៃគ្នាជួយពន្លត់ភ្លើងយ៉ាង សស្រាក់ សស្រាំ ។ពេលនោះការបាញ់ទឹកចេញពីរថយន្តដោយភូមិសាស្ត្រនេះពិបាកចូលបាញ់ព្រោះមានរបងមន្ទីរពេទ្យខ្ពស់ពេកទើបចំណាយពេល២ម៉ោងទើបភ្លើងរលត់អស់ទាំងស្រុងមិនបណ្តាលឲ្យរាលឆ្លងឆេះដល់មន្អីរពេទ្យនោះទេគ្រាន់តែអ្នកជំងឺភ័យស្លន់ស្លោ តែប៉ុណ្ណោះ៕ដោយ៖ប្រាថ្នា