នៅក្នុងដំណើរទស្សនកិច្ច ទៅកាន់រោងចក្រផលិតរថយន្ត Ford ក្នុងរដ្ឋ Michigan ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានពាក់ម៉ាស់តែមួយភ្លែតប៉ុណ្ណោះក៏ដោះចេញវិញ។ការពាក់ម៉ាស់ គឺធ្វើតាមសំណើររបស់ ប្រធានក្រុមហ៊ុន Ford Motor បានប្រកាសថា លោកបានស្នើឲ្យប្រធានាធិបតីពាក់ម៉ាស់ពេលបំពេញទស្សនកិច្ចរោងចក្រនេះ។ ជាមួយគ្នានោះ អភិបាលរដ្ឋ Michigan បានព្រមានថា បើលោកត្រាំមិនពាក់ម៉ាស់ពេលទស្សនកិច្ច ក្រុមហ៊ុន Ford នឹងមានវិធានការតាមផ្លូវច្បាប់ទៅលើប្រធានាធិបតី។
នេះជាលើកទីមួយហើយដែលលោកត្រាំ ពាក់ម៉ាស់ ដោយកន្លងមក លោកទស្សនកិច្ចទៅកាន់ក្រុមហ៊ុនផលិតម៉ាស់ក៏លោកមិនពាក់ដែរ។ ម៉ាស់ដែលលោកត្រាំពាក់មានរូបសញ្ញារបស់ប្រមុខដឹកនាំនៅសេតវិមាន។ លោកត្រាំ មានការស្ទាក់ស្ទើក្នុងពេលពាក់ម៉ាស់ដោយ អ្នកសារព័ត៌មានថតរូបលោក ដោយនេះជាការពាក់លើកទី១។
ប្រធានាធិបតីដូណាល់ ត្រាំបានលើកឡើងថា រូបភាពពាក់ម៉ាស់របស់លោក ជាសារខុសពីគោលជំហរបស់លោកក្នុងការជំរុញបើកទ្វារដំណើរការសេដ្ឋកិច្ចឡើងវិញ បើទោះបីអាមេរិកមានពលរដ្ឋឆ្លងជាង ១,៥៨លាននាក់ និងស្លាប់ជិត១សែននាក់ហើយ។ លោកត្រាំបញ្ជាក់ថា លោកបានធ្វើតេស្តគ្រប់ពេលដូច្នេះ លោកមិនចំាបាច់ពាក់ម៉ាស់នោះឡើយ។ ប៉ុន្តែប្រធានក្រុមហ៊ុន Bill Ford បានស្នើលោកត្រាំពាក់ម៉ាស់ពេលចូលដល់ក្រុមហ៊ុន និងជួបជាមួយលោកផ្ទាល់។ ប៉ុន្តែក្រោយមកលោកត្រាំក៏ដោះម៉ាស់ចេញវិញ ៕