ព័ត៌មានទាន់ហេតុការណ៍៖

ភារកិច្ចការងារសង្គ្រោះមនុស្សធ្វើឲ្យគ្រូពេទ្យអុីរ៉ង់ជាង១០ពាន់នាក់ឆ្លងកូវីដ-១៩

ចែករំលែក៖

អុីរ៉ង់៖ ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាក គិលានុបដ្ឋាយិកា ក៏មានគ្រួសារមានកូនចៅជាទីស្រឡាញ់កំពុងរង់ចាំនៅក្នុងផ្ទះដូចគ្នាដែរ។ ប៉ុន្តែដោយសារតែកាតព្វកិច្ចសង្គ្រោះមនុស្ស បង្ខំឲ្យគ្រូពេទ្យត្រូវធ្វើការនៅក្នុងស្ថានភាពគ្រោះថ្នាក់ ប្រឈមនិឹងហានិភ័យនៃការឆ្លងវីរុសខ្ពស់។
នៅក្នុងតំបន់មជ្ឈិមបូព៌ា អុីរ៉ង់ ជាប្រទេសមានអ្នកឆ្លងកូវីដ-១៩ ច្រើនជាងគេបង្អស់ ដោយមានអ្នកឆ្លងរហូតដល់ទៅជាង១២៩ពាន់នាក់ ក្នុងនោះមានអ្នកស្លាប់ ដល់ទៅ ជាង ៧.២០០នាក់ ។ កាលពី ខែមេសា ក្រសួងសុខាភិបាលប្រទេសនេះបានប្រកាសថា មានបុគ្គលិកសុខាភិបាលរហូតដល់ទៅ១០០នាក់ស្លាប់ដោយកូវីដ-១៩ផងដែរ។
តាមការផ្សាយរបស់ទូរទស្សន៍អុីរ៉ង់ ILNA នៅថ្ងៃទី២២ ខែ ឧសភា បានដកស្រង់សម្តីរដ្ឋលេខាធិការក្រសួងសុខាភិបាលអុីរ៉ង់លោក Qassem Janbabai ដែលបានបញ្ជាក់ថា មានបុគ្គលិកសុខាភិបាលរហូតដល់ជាង១ម៉ឺននាក់ ឆ្លងកូវីដ-១៩ ក្នុងចំណោមនោះ ក៏មានបុគ្គលិកពេទ្យជាច្រើននាក់បានស្លាប់ដោយកូវីដ-១៩ ផងដែរ។
តាមការផ្សាយរបស់ ILNA រដ្ឋមន្ត្រីក្រសួងសុខាភិបាលអុីរ៉ង់ លោក Saeed Namaki បានអំពាវនាវដល់ពលរដ្ឋ កំុធ្វើដំណើរកម្សាន្តនៅក្នុងពិធីបុណ្យ Eid al-Fitr នាចុង ខែឧសភានេះ ដើម្បីបញ្ចៀសការឆ្លងកូវីដ-១៩កាន់តែច្រើន។ ពលរដ្ឋអុីរ៉ង់តែងតែធ្វើដំណើរកម្សាន្ត នៅតំបន់ផ្សេងៗ ក្នុងប្រទេស ក្រោយពេលពិធីបុណ្យRamadan របស់សាសនិកអ៊ិស្លាមរយៈពេល១ខែ បានបញ្ចប់ ។
លោក Saeed Namaki បានបញ្ជាក់ថា«ខ្ញុំសូមអំពាវនាវដល់ ពលរដ្ឋទាំងអស់កំុទៅកម្សាន្តក្នុងរយៈពេលនេះ ដើម្បីធានាខ្លួនឯងផ្ទាល់មិនឆ្លងកូវីដ-១៩ និងក្រុមគ្រួសាររបស់យើង។ ប្រសិនបើ មានករណីឆ្លងផ្ទុះឡើងខ្លាំងនឹងពិបាកគ្រប់គ្រង អាចបណ្តាលឲ្យមានអ្នកស្លាប់កាន់តែច្រើន»៕ដោយ៖ធី រីណា


ចែករំលែក៖