ប្រទេសរុស្សុី៖ គិលានុបដ្ឋាយិកាមើលថែអ្នកជំងឺកូវិដ-១៩នៅក្នុងមន្ទីរពេទ្យ Tula ភាគកណ្តាលប្រទេសរុស្ស៊ី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែនាងបានធ្វើឲ្យបរិយាកាសអាប់អួនៅក្នុងមន្ទីរពេទ្យ ស្រស់ថ្លាឡើងវិញ។ គិលានុបដ្ឋាយិកាបានស្លៀតឈុតប៊ីគីនី ហើយពាក់ឈុតការពារកូវីដ-១៩ថ្លាឆ្វង់ មើលធ្លុះពិីម្ខាងទៅម្ខាងទៅមើលថែទាំអ្នកជំងឺ។
រូបភាពរបស់នាងបានបង្ហោះលើបណ្តាញសង្គមទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ សារព័ត៌មាន RT របស់រុស្ស៊ី ក៏បានយកព័ត៌មាននិងរូបភាពរបស់គិលានុបដ្ឋាយិកាខាងលើមកផ្សព្វផ្សាយផងដែរ។
រូបភាពគិលានុបដ្ឋាយិកាស្លៀកឈុតប៊ីគីនីមើលថែទាំអ្នកជំងឺកូវីដ-១៩ ត្រូវបានគេហទំព័រ Tulskie Novosti គ្រាន់តែក្នុងរយៈពេលខ្លីសោះទទួលបានការចាប់អារម្មណ៍តាមដានជាច្រើនលើសលប់។
គិលានុបដ្ឋាយិកាដែលមិនបញ្ចេញឈ្មោះ បានលើកឡើងថា ដោយសារតែនាងមានអារម្មណ៍ ក្តៅស្អុះព្រោះត្រូវស្លៀកពាក់ច្រើនជាន់ ហើយសម្លៀកបំពាក់ការពារទៀតសោតពិតជាពិបាកទ្រាំណាស់។ប៉ុន្តែនាង ត្រូវបានមន្ត្រីសុខាភិបាលក្នុងតំបន់ថ្កោលទោស ដោយមិនព្រមស្លៀកពាក់ឯសណ្ឋានពេទ្យ ។ ផ្ទុយទៅវិញ មហាជនរាប់លាននាក់បែរជាសរសើរនាង ពីភាពក្លាហាន ធ្វើឲ្យបរិយាកាស់អាប់អួដោយសារកូវីដ-១៩ ទៅជាស្រស់ថ្លាវិញ។ មិនតែប៉ុណ្ណោះ អ្នកជំងឺមើលឃើញបែបនេះ ក៏មានអារម្មណ៍ធូរស្រាលផងដែរ។
តាមគេហទំព័រ Worldometer គិតដល់វេលាម៉ោង ២ និង៣០ នាទី ថ្ងៃទី ២២ខែឧសភា រុស្ស៊ី មានអ្នកឆ្លងកូវីដ -១៩ កើនឡើង៣២៦. ៤៤៨នាក់ និងស្លាប់ កើនឡើង៣.២៤៩នាក់៕
ដោយ៖ធី រីណា