ប្រទេសថៃ៖ ប្រសិនគ្មានការប្រែប្រួលទេ បទបញ្ជាដាក់ប្រទេសក្នុងភាពអាសន្នថៃ នឹងត្រូវអស់សុពលភាពនៅថ្ងៃទី៣១ ខែឧសភាខាងមុខនេះខណៈតួលេខអ្នកឆ្លង COVID-19 ប្រចាំថ្ងៃនៅថៃ បានធ្លាក់ចុះដល់ចំនួនទាបប៉ុន្មានថ្ងៃមកហើយ។ ក្នុងថ្ងៃទី២១ ខែឧសភា ថៃបានរាយការណ៍ថាមានករណីឆ្លងត្រឹមតែ ៣ករណីប៉ុណ្ណោះ និងមិនមានអ្នកស្លាប់។
យោងតាមក្រុមប្រឹក្សាសន្តិសុខជាតិថៃ បានយល់ព្រមបន្ថែមរយៈពេលដាក់ប្រទេសក្នុងភាពអាសន្នរហូតដល់ចុងខែមិថុនា ដោយសារបារម្ភពីរលកឆ្លងទី២ នៃ COVID-19 ។ យ៉ាងណាមិញ សេចក្តីសម្រេចនេះ ត្រូវតែមានការយល់ព្រមពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍COVID-19 (CCSA) និងគណៈរដ្ឋមន្ត្រីថៃជាមុនសិន ទើបអាចអនុវត្តបាន។
បើទោះបីជាអត្រាឆ្លងកូរ៉ូណាវីរុសក្នុងមួយថ្ងៃៗមានការធ្លាក់ចុះក៏ដោយ ក៏ក្រុមប្រឹក្សាសន្តិសុខថៃ ចង់ឲ្យរដ្ឋាភិបាលដាក់ប្រទេសក្នុងភាពអាសន្នរហូតដល់ចុងខែមិថុនា ដោយសារបារម្ភពីរលកឆ្លងទី២ នៃ COVID-19។បើតាមការអះអាងរបស់លោក Somsak Rungsita អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ ស្ថាប័ននេះ បានស្នើឲ្យបន្ថែមរយៈពេលដាក់ប្រទេសក្នុងភាពអាសន្នរហូតដល់ចុងខែមិថុនា។
ដោយផ្នែកទៅតាមកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខថៃ លោក Somsak បានបញ្ជាក់ថា ពេលនេះ អត្រាឆ្លងCOVID-19 នៅក្នុងប្រទេសថៃគឺមានតិចតួចណាស់ ខណៈពេលស្ថានភាពកូរ៉ូណាវីរុសនៅលើពិភពលោក កំពុងបង្កឲ្យមានការព្រួយបារម្ភ។ លោកអគ្គលេខាធិការ បានសង្កត់ធ្ងន់ថា ម្យ៉ាងក្នុងកាលៈទេសៈបែបនេះ រលកឆ្លងទី២ នៃCOVID-19 អាចកើតឡើងគ្រប់ពេលនៅក្នុងប្រទេសថៃ ហើយថៃ នឹងរងគ្រោះកាន់តែខ្លាំងថែមទៀត។
សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិថៃមួយនេះ ត្រូវតែមានការយល់ព្រមពីមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍COVID-19 ថៃ(CCSA) និងគណៈរដ្ឋមន្ត្រីថៃជាមុនសិន ទើបថៃអាចពន្យារពេលដាក់ប្រទេសក្នុងភាពអាសន្នរហូតដល់ចុងខែមិថុនាបាន។
គិតត្រឹមថ្ងៃទី២១ ខែឧសភាម្សិលមិញនេះ ថៃមានករណី COVID-19 សរុបចំនួន ៣០៣៧ករណី អ្នកស្លាប់ចំនួន ៥៦នាក់ និងអ្នកជាសះស្បើយមានចំនួន ២៨៩៧នាក់៕ ដោយ៖ស តារា