ប្រទេសស្រីលង្កា៖ ហេតុការណ៍ដ៏រន្ធត់មួយ បន្ទាប់ពីស្រី្ត៣នាក់ ត្រូវបានគេរត់ជាន់រហូតដល់ស្លាប់យ៉ាងអាណោចអាធម៍ អំឡុងពេលប្រទាញប្រទង់យកលុយអំណោយ៨ដុល្លារ នៅក្នុងទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះបន្ទាប់ពីពលរដ្ឋស្រីលង្កាជាច្រើនរស់នៅយ៉ាងលំបាក អំឡុងពេលបិទប្រទេសដើម្បីទប់ស្កាត់ជំងឺឆ្លងCOVID-19 ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពពួកគេ ។
សូមជម្រាបថា មនុស្សប្រមាណ១០០០នាក់ បានឈរតម្រង់ជួរនៅក្រៅឃ្លាំងអ្នកជំនួញស្រីលង្កាម្នាក់ សម្រាប់ការចែកលុយប្រចាំឆ្នាំរបស់លោក អំឡុងខែបួសរបស់អ្នកកាន់សាសនាឥស្លាម។ សមាជិកសភាតំបន់ម្នាក់ លោកMujibur Rahman បញ្ជាក់បែបនេះ។ លោក បន្តថានៅពេលអ្នកយាមបើកទ្វារឃ្លាំង មនុស្សម្នាក់ៗ បាននាំគ្នាសម្រុកទៅយកអំណោយជាលុយ៨ដុល្លារ ដែលស្មើនឹងប្រាក់ចំណូលកម្មករម្នាក់អាចរកបានក្នុងមួយថ្ងៃ។
លោក Rahman បញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP អ្នកខ្លះបានព្យាយាមជ្រែកជួរសម្រុកចូលទៅក្នុងឃ្លាំង ហើយពេលនោះ ស្ត្រីដែលនៅជួរមុខគេ បានដួលដល់ដី និងត្រូវបានគេជាន់រហូតដល់អស់ជីវិតតែម្ដង។
ក្នុងហេតុការណ៍ជាន់គ្នានេះ មនុស្ស៩នាក់ផ្សេងទៀត រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ លោកសមាជិកសភាស្រីលង្កាខាងលើ ក៏កត់សម្គាល់ថា ឆ្នាំនេះគឺមានមនុស្សច្រើនឈរតម្រង់ជួរចាំយកប្រាក់អំណោយជាងឆ្នាំសព្វដងក្នុងពេល១០ឆ្នាំចុងក្រោយ។
តាម AFP លោក Rahman បន្តថា ប្រជាជនគ្មានរកប្រាក់ចំណូលសូម្បីមួយសេនក្នុងពេល២ខែចុងក្រោយនេះ ព្រោះតែបញ្ជាបិទប្រទេសដើម្បីទប់ស្កាត់ COVID-19 ដែលឆ្លងមនុស្សក្នុងប្រទេសនេះសរុបជាង១ពាន់នាក់ និងសម្លាប់៩នាក់ហើយ។ លោកសង្កត់ធ្ងន់ថា ពលរដ្ឋស្រេកឃ្លានហើយនៅពេលពួកគេដឹងថាមានការចែកលុយ មនុស្សជាង១ពាន់នាក់បានបង្ហាញខ្លួនបែបនេះ។
ស្នងការប៉ូលិសក្រុង កូឡុំបូ Deshabandu Tennakoon ប្រាប់អ្នកសារព័ត៌មានថា អ្នកជំនួញដែលអាជ្ញាធរស្រីលង្កាសម្រេចមិនបង្ហាញឈ្មោះនិងបុគ្គលិកលោក៥នាក់ទៀត ត្រូវបានចាប់ឃាត់ខ្លួនពីបទបំពានបញ្ជាបិទប្រទេស។
សូមបញ្ជាក់ដែរថា ការចែកលុយរបស់រដ្ឋាភិបាលស្រីលង្កាសម្រាប់ខែឧសភានេះ ដែលលុយជាង២៦ដុល្លារត្រូវផ្ដល់ជូនពលរដ្ឋ៥,១៤លានគ្រួសារដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ក៏បង្កចលាចលក្នុងភូមិជាច្រើនផងដែរក្នុងប្រទេស៕ ដោយ៖ស តារា