ភ្នំពេញ៖ បុរសម្នាក់ ដោយសារតែប្រើប្រាស់គ្រឿងញៀនហួសកម្រិត រហូតវង្វេងវង្វាន់ស្មារតី បានវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងគ្រួសារត្រូវបានកងរាជអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនកាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ៣៦៥ ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ យ៉េស សម័យ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបររត់ម៉ូតរ៉ឺម៉ក ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
តាមប្រភពពីមន្រ្តីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ បានឲ្យដឹងថា ឈានដល់ការឃាត់ខ្លួននេះ យោងតាមពាក្យបណ្ដឹងរបស់ម្ដាយជនសង្ស័យឈ្មោះ ចាន់ ណែត ភេទស្រី អាយុ៦០ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
មន្រ្តីដដែលបន្តថា ជនសង័្សយជាមនុស្សញៀនថ្នាំ ហើយគេតែងតែបង្កនូវបញ្ហាមិនចេះចប់ រហូតធ្វើឲ្យក្រុមគ្រួសារពិសេសម្ដាយរបស់គេមានការលំបាកចិត្ដយ៉ាងខ្លាំងរហូតដល់ទ្រាំពុំបានទើបដាក់ពាក្យបណ្តឹងដល់កងរាជអាវុធហត្ថខណ្ឌមានជ័យឲ្យឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕ ដោយ៖ ចន្ទ លីហ្សា