អេស្ប៉ាញ៖ រថយន្តរាប់ពាន់គ្រឿងបានដង្ហែក្បួនបាតុកម្ម នៅទីក្រុង Madrid និងទីក្រុងជាច្រើនទៀតក្នុងប្រទេសអេស្ប៉ាញប្រឆាំងនឹងច្បាប់បម្រាមគោចរ ។
ក្រុមបាតុករបានអំពាវនាវឱ្យនាយករដ្ឋមន្ត្រី Pedro Sanchez និងឧបនាយករដ្ឋមន្ត្រី Pablo Iglesias លាលែងចេញពីតំណែងផងដែរ ដោយសារតែការដោះស្រាយវិបត្តិកូវីដ-១៩មិនបានល្អ ពិសេសគឺច្បាប់បម្រាមគោចរ ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ និងពលរដ្ឋរាប់សែននាក់អត់ការងារធ្វើ។
ក្រុមបាតុករ បានលើកឡើងថា«ដល់ពេលដែលត្រូវបញ្ចប់ច្បាប់បម្រាមគោចរ ហើយក៏ដល់ពេលដែលនាយករដ្ឋមន្ត្រី Pedro Sanchez និងឧបនាយករដ្ឋមន្ត្រី Pablo Iglesiasត្រូវលាលែងចេញពីតំណែង ដោយបានធ្វើឲ្យពលរដ្ឋជាច្រើនត្រូវបាត់បង់ការងារធ្វើ។
សារព័ត៌មាន VTC news បានផ្សាយថា លោក Santiago Abascal មេដឹកនាំបក្សប្រឆាំង Voxបានថ្លែងសុន្ទរកថា តាម EsRadio ដើម្បីឲ្យក្រុមបាតុករនៅក្នុងរថយន្តបានស្តាប់ពេលចូលរួមបាតុកម្ម ។ នៅក្នុងសុន្ទរកថា លោក Santiago Abascal បញ្ជាក់ថា រដ្ឋាភិបាលអេស្ប៉ាញនឹងត្រូវទទួលខុសត្រូវចំពោះ ការគ្រប់គ្រងមិនបានល្អរបស់ខ្លួន។
នេះជាបាតុកម្មលើកដំបូងប្រឆាំងរដ្ឋាភិបាលចាប់តាំងពីផ្ទុះកូវីដ-១៩មក។ ក្រៅពីទីក្រុង Madrid នៅទីក្រុងផ្សេងៗទៀតដូចជា Seville និង Barcelona ក៏មានបាតុកម្មដូចគ្នាកើតឡើងផងដែរ។
អេស្ប៉ាញជាប្រទេសអនុម័តច្បាប់តឹងតែងបំផុតប្រឆាំងកូវីដ-១៩ ក្នុងតំបន់អឺរ៉ុប ហើយពេលនេះក៏បានចាប់ផ្តើមកាត់បន្ថយច្បាប់រិឹតត្បិត ក្រោយធូរស្រាលពីកូវីដ-១៩ ។មកទល់ពេលនេះអេស្ប៉ាញមានអ្នកឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ ជាង២៣៤ពាន់នាក់ និងស្លាប់ ជាង២៨ពាន់នាក់ ៕ដោយ៖ធី រីណា