ភ្នំពេញ៖ បុរសម្នាក់បើករថយន្តបត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នស្របពេលដែលបុរសម្នាក់ជិះម៉ូតូលឿនចាប់ហ្វ្រ័ងមិនទាន់ក៏បុកចំពាក់កណ្តាលរថយន្តរងការខូចខាតយ៉ាងដំណំតែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសឡើយ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ថ្ងៃទី២៤ ខែឧសភាឆ្នាំ២០២០ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយ៉ូតាព្រូសមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BA-5218ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានឈប់រថយន្តអែបនឹងចិញ្ចើមផ្លូវមួយសន្ទុះ លុះដល់ម៉ោងកើតហេតុបានបើកបត់ឆ្វេងដល់ពាក់កណ្ដាលផ្លូវក៏មានម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GW-3663ជិះដោយបុរសម្នាក់ស្របទិសគ្នាចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តចំពាក់កណ្ដាលចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាដោយភាគីខាងម៉ូតូបានចេញសំណងចំនួន ១០០ ដុល្លារទៅឲ្យខាងភាគីរថយន្តដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕ដោយ សុខាសែនជ័យ