ខេត្តស្វាយរៀង៖ ប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកុងតឺន័របត់ឆ្វេងខ្វះការប្រុងប្រយត្ន័ក៏ត្រូវម៉ូតូមកពីក្រោយចាប់ហ្វ្រ័ងមិនទាន់បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៦៣-១៦៤ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា អ្នករងគ្រោះមានឈ្មោះហួន ឃ្លី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិតាកោ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងនិងអ្នករួមដំណើរជាប្រពន្ធមានឈ្មោះ ស៊ី ផា អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។
តាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានមនុស្សប្រុសស្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ១HB-៦៥១០ក្នុងទិសដៅពីលិចទៅកើត ខណៈនោះស្រាប់តែមាន
រថយន្តកុងតឺន័រមួយគ្រឿងមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្នុងទិសដៅស្របគ្នាហើយក៏បានបត់ឆ្វេង ខ្វះការប្រុងប្រយត្ន័
បណ្ដាលឱ្យអ្នកជិះម៉ូតូចាប់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងតែម្ដង។
ក្រោយបង្កហេតុអ្នកបើករថយន្ត បានបើក រត់គេចចូលក្នុងចំណតផែស្ងួតទីខូ ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រោយកើតហេតុអ្នករងរបួសត្រូវបានសមត្ថកិច្ចបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង រីឯម៉ូតូ អូសយកមករក្សាទុកជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ចំណេកអ្នកបើករថយន្តបង្កសមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកដើម្បីនាំខ្លួនយកមកចាត់ការបន្តតាមច្បាប់ ៕យឹម សុថាន