ភ្នំពេញ៖ នាព្រឹកថៃ្ងអង្គារទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បទបញ្ជាថ្មី នាយឧត្ដមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ណែនាំនិងដាក់ចេញនូវសេចក្ដីកំណត់ដាច់ខាត នគរបាលមិនត្រូវអនុវត្ដន៍ច្បាប់ចរាចរណ៍ដោយដាក់បារាសលើផ្លូវជាតិ ផ្លូវសាធារណៈ ស្ទាក់ឃាត់ហៅមធ្យោបាយយានជំនិះ ដើម្បីត្រួតពិនិត្យលើឯកសារនោះឡើយ។
យោងតាមសារសម្លេងផ្ញើជូនជ្រាបដល់មន្ដ្រីកងកម្លាំងនគរបាល ចរាចរណ៍នៅទូទាំងប្រទេស នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ចេញបទបញ្ជាយ៉ាងដាច់ណាត់ថា “ មន្ត្រីនគរបាលចរាចរណ៍ទាំងអស់ មិនត្រូវស្ទាក់ហៅយានយន្ដដើម្បីត្រួតពិនិត្យរកមើលឯកសារជាដាច់ខាត ក្នុងករណីមិនមានបទល្មើសណាមួយនោះ វាលែងតែក្នុងករណីបន្ទាន់ថាមានបទល្មើសដែលត្រូវបានស្នើសុំអោយជួយអន្ដរាគមន៍បន្ទាន់” ចំពោះបារាសសូមកុំដាក់លើផ្លូវ បន្ដរង់ចាំគោលការណ៍សម្រេចពេលក្រោយ ក្នុងន័យនេះគឺមិនមែនបញ្ឈប់លែងអោយពលរដ្ឋគោរពច្បាប់ចរាចរណ៍នោះទេ ការរឹតបន្ដឹងអនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យថ្មីគឺក្នុងគោលបំណង តម្រង់ទិសអោយអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យមនុស្សរងរបួស បាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិសាធារណៈពិសេសគ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យបាត់បង់កម្លាំងពលកម្ម និងប៉ះពាល់ដល់ការអភិវឌ្ឍន៍ឃឿនសេដ្ឋកិច្ចជាតិ ៕ប្រភព៖ នគរបាលជាតិ