ព័ត៌មានទាន់ហេតុការណ៍៖

សែលកាត រៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តីសប្បុរសធម៌CellcardVirtual Concert ដើម្បីប្រមូលថវិកាជួយដល់ បងប្អូនកម្មករ កម្មការីនី ដែលបានរងផលបះពាល់ដោយសារជម្ងឺ Covid-19

ចែករំលែក៖

ភ្នំពេញ ថ្ងៃទី ២៦ ឧសភា ២០២០ក្រុមហ៊ុន សែលកាត មានក្តីសោមនស្សជាខ្លាំងក្នុងការរៀបចំនូវព្រឹត្តិការណ៍ប្រគុំតន្រ្តីសប្បុរសធម៌ Cellcard 4U Virtual Concert ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៨ ខែឧសភាខាងមុខនេះដោយនឹងធ្វើការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក រួមជាមួយនឹងវត្តមានសម្តែងរបស់សិល្បករសិល្បការនីល្បីនិងកំពុងពេញនិយមជាច្រើនរូបនៅក្នុងប្រទេសកម្ពុជាកម្មវិធីប្រគុំតន្ត្រីនេះ នឹងប្រព្រឹត្តទៅដោយមានការចូលរួមសហការជាមួយប៉ុស្តិ៍ទូរទស្សន៍ CTN និង MyTV ក្នុងគោលបំណងរៃអង្គាសថវិកាដើម្បីជួយដល់អ្នកដែលកំពុងរងផលប៉ះពាល់ខ្លាំងបំផុពីស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយម៉ោងដោយមានការចូលរួមសម្តែងពីក្រុមតារាល្បីៗរួមមាន កញ្ញា មាសសុខសោភា កញ្ញា រ៉េត ស៊ូហ្សាណា លោក នូ ឧសភា លោកចេន សមាជិកក្រុមតន្រ្តី Mustache លោក Tempo Tris និងព្រះនាងតូច នរោត្តម ជេនណា!

គួររំលឹកផងដែរ ព្រះនាងតូច ជេនណា ត្រូវបានប្រកាសតែងតាំងជាព្រះរាជទូតសុឆន្ទៈប្រចាំក្រុមហ៊ុន សែលកាត កាលពីខែកុម្ភៈកន្លងទៅថ្មីៗនេះក្នុងព្រះជន្មវស្សា ព្រះនាងតូចត្រូវបានគេទទួលស្គាល់ថាជាអ្នកមានទេពកោសល្យខ្ពស់ម្នាកដោយព្រះនាងអាចនិយាយបានភាសា មានសមត្ថភាពក្នុងការច្រៀងរាំ និងសម្តែង ហើយបច្ចុប្បន្ននេះ ព្រះនាងក៏កំពុងផ្តោតលើការហាត់សមរបាំអប្សរាផងដែរ

ទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុន សែលកាត ក៏កំពុងសម្របសម្រួលជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដោយថវិកាដែលប្រមូលបានពីកម្មវិធីប្រគុំតន្ត្រីនេះ នឹងត្រូវយកទៅចែកជូនដល់ កម្មករកម្មការនីកាត់ដេរដែលមានពិការភាព និងមានផ្ទៃពោះដែលកំពុងជួបការលំបាកខ្លាំងក្នុងជីវភាពរស់នៅនាពេលបច្ចុប្បន្ននេះ
សមាជិកគាំទ្រសែលកាតទាំងអសក៏អាចចូលរួមបរិច្ចាគក្នុងបុព្វហេតុជួយសង្គ្រោះនេះ នៅក្នុងអំឡុងពេលនៃការសម្តែងតន្រ្តីផ្សាយផ្ទាល់ផងដែរពួកគេអាចតេ ឬផ្ញើសារទៅកាន់លេខ 1270 ដោយចំណាយត្រឹមតែ ២៥ សេន (១.០០០ រៀល) ប៉ុណ្ណោះសម្រាប់ការចូលរួមជាវិភាគទានកម្មវិធីចូលរួមបរិច្ចាគនេះ នឹងបន្តប្រព្រឹត្តិទៅចំនួនពីរសប្តាហ៍ទៀត បន្ទាប់ពីការប្រគុំតន្រ្តីត្រូវបានបញ្ចប់។

សែលកាត នឹងធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនវីង ដែលជាអ្នកផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទឈានមុខគេនៅកម្ពុជាដើម្បីផ្ទេរប្រាក់ជូនដល់កម្មករកម្មការនី មានពិការភាព និងមានផ្ទៃពោះឱ្យបាន នៅក្នុងអំឡុងខែមិថុនាខាងមុខនេះ

លោក អៀន វ៉ាត់សុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាតមានប្រសាសន៍ឱ្យដឹងថា៖ “ដោយសារស្ថានភាពនៃវិបត្តិជម្ងឺកូវីដ ១៩ យើងមើលឃើញថានេះ គឺជាមធ្យោបាយដ៏ល្អបំផុតមួយក្នុងការផ្តល់នូវភាពសប្បាយរីករាយជូនដល់អតិថិជនរបស់យើង ហើយទន្ទឹមនឹងនោះ យើងក៏អាចរៃអង្គាសថវិកាដើម្បីជួយទ្រទ្រង់ដល់ពលរដ្ឋមួយចំនួន ដែលកំពុងជួបការខ្វះខាតនៅទូទាំងប្រទេសកម្ពុជាផងដែរ” ។

ដោយឡែក លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងក៏បានមានប្រសាសន៍ថា៖«យើងមានសេចក្តីរីករាយដែលបានចូលរួមជាមួយក្រុមហ៊ុន Cellcard ដើម្បីជួយគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃជម្ងឺកូវីដ១៩។ស្ថិតក្នុងគ្រាដ៏លំបាកនេះ ជំនួយសប្បុរសធម៌របស់លោកអ្នកមិនត្រឹមតែចាំបាច់ចំពោះសហគមន៍របស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជម្រុញឲ្យប្រជាជនផ្សេងទៀតជួយការពារសហគមន៍របស់យើងផងដែរ»

ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តគ្រប់គ្រងដោយជនជាតិខ្មែរទាំងស្រុង ក្រុមហ៊ុនសែលកាត ពិតជាមានក្តីរំភើបជាខ្លាំងសម្រាប់ឱកាសនៃការរៀបចំកម្មវិធីប្រគុំតន្រ្តី ដោយមានវត្តមានចូលរួមសហការពីតារាល្បីៗនៅក្នុងស្រុកជាច្រើនរូប

លោក វ៉ាត់សុន ក៏បានបញ្ជាក់បន្ថែមទៀតថា៖ “សែលកាត កំពុងខិតខំប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ដើម្បីជួយគាំទ្រដល់បងប្អូនពលរដ្ឋខ្មែរក្នុងគ្រាដ៏លំបាកនេះ” ៕


ចែករំលែក៖