ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ស្ទាក់វ៉ៃមេប៉ុស្តិ៍ ព្រោះតែយកដីកាញឹកញាប់មកឱ្យម្តាយរបស់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ផ្ទុះកំហឹងយ៉ាងខ្លាំងរហូតដល់ហ៊ានស្ទាក់វាយមន្ត្រីនគរបាលយ៉ាងចាស់ដៃបណ្តាលឱ្យរងរបួស ក្រោយពីមន្រ្តីនគរបាលប៉ុស្តិ៍មួយរូបបានត្រឡប់ពីយកដីការបស់តុលាការទៅឱ្យម្តាយរបស់គេដែលជាជនដៃដល់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុច១០៤ ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង 

អធិការនគរបាលស្រុកទឹកផុស លោក ខែម វិបុល បានប្រាប់ឱ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ ឃួន ខន មានតួនាទីជានាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្តុលសែនជ័យ។ ចំណែកជនសង្ស័យឈ្មោះ ដួង វង អាយុ២៦ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះដែលជានាយនគរបាលប៉ុស្តិ៍រដ្ឋបាល បានយកដីការបស់តុលាការទៅឱ្យស្ត្រីម្នាក់ឈ្មោះ ដួង ទូច អាយុ៥៧ឆ្នាំ (ជាចុងបណ្តឹង) មានទីលំនៅភូមិដំណាក់អំពិល ឃុំក្តុលសែនជ័យ លុះពេលប្រគល់ដីកាឱ្យស្ត្រីនោះរួច ជនរងគ្រោះក៏ជិះម៉ូតូត្រឡប់មកវិញ ស្រាប់តែដល់ពាក់កណ្តាលផ្លូវក៏ត្រូវជនសង្ស័យដែលត្រូវជាកូនបង្កើតរបស់ស្ត្រីរូបនេះបានយកដំបងប៉ុងកំភួនជើង ប្រវែងជាង១ម៉ែត្រ មកវាយចំក្បាលជនរងគ្រោះបណ្តាលឱ្យរងរបួសយ៉ាងដំណំតែម្តង។ បន្ទាប់មកជនសង្ស័យក៏រត់គេចខ្លួនបាត់ រហូតដល់ម៉ោងជាង៧យប់ ទើបចាប់ខ្លួនបាន ។

ជនសង្ស័យបានសារភាពថា មូលហេតុដែលខ្លួនស្ទាក់វាយមេប៉ុស្តិ៍នេះ ដោយសារតែខ្លួនបានឃើញលោកនាយប៉ុស្តិ៍នេះបានយកដីការបស់តុលាការមកឱ្យម្តាយរបស់ខ្លួនញឹកញាប់ពេក ហើយក៏ទប់អារម្មណ៍មិនបានកើតគំនិតស្ទាក់វាយមេប៉ុស្តិ៍នេះតែម្តងទៅ ។នៅពេលនេះជនសង្ស័យដែលស្ទាក់វាយលោកម៉េប៉ុស្តិ៍ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកទឹកផុសកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ។

នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្តុលសែនជ័យ ដែលជាជនរងគ្រោះ ត្រូវបានលោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ជួយឧបត្ថម្ភទឹកប្រាក់ចំនួន១លានរៀលសម្រាប់ព្យាបាលផងដែរ ៕ដោយ៖ចន្ថា


ចែករំលែក៖