កុមារគឺជាជនរងគ្រោះខ្លាំងជាងគេក្នុងអំឡុងការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩
ខេត្តកណ្ដាល៖ លោកស្រី នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការពិគ្រោះយោបល់ស្ត្រី និងកុមារខេត្តកណ្ដាលបានលើកឡើងថា ក្នុងចំណោមប្រជាពលរដ្ឋដែលបានរងគ្រោះដោយការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ កន្លងមក កុមារគឺទទួលរងគ្រោះខ្លាំងជាងគេ។
លោកស្រី លើកឡើងបែបនេះក្នុងជំនួបជាមួយគណៈប្រតិភូ ដឹកនាំដោយលោក Masahiro Mikami ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រីគ្រីស្ទាន មុនឌួតតេ នាយិកាអង្គការ យូនីសេហ្វ(Unicef) និងមានការអញ្ជើញចូលរួមពីលោកស្រី ហ៊ុន កុសនី អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការនានាផងដែរ។
លោកស្រី នួន នារតី បន្តថា ក្នុងរយៈពេលនៃការផ្ទុះរីករាលដាល នៃជំងឺកូវីដ-១៩កន្លងមក បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ ហើយអ្វីដែលសំខាន់នោះគឺ វាបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើកុមារតូចៗ ដែលត្រូវការចាំបាច់ ក្នុងការជួយមើលថែ និងបង្រៀនអំពីវិធីនៃការសម្អាតអនាម័យខ្លួនប្រាណ និងការការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
លោកស្រី នួន នារតី បន្ថែមថា រដ្ឋបាលខេត្តកណ្ដាល ក្រោមការដឹកនាំរបស់លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានធ្វើការយកចិត្តទុកដាក់ ចំពោះកុមារ ពិសេសកុមារនៅតាមមណ្ឌល និងអង្គការនានា ព្រោះកុមារទាំងនោះគ្មានគ្រួសារ គ្មានសាច់ញាតិឬអាណាព្យាបាលថែទាំឡើយ ដែលតម្រូវឱ្យរដ្ឋបាលខេត្តធ្វើការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ស្ថានភាពរាតត្បាត នៃជំងឺកូវីដ-១៩ ដល់សហគមន៍ អង្គការជាតិ និងអន្តរជាតិ ដែលបាននិងកំពុងអនុវត្តគម្រោងកម្មវិធីថែទាំកុមារនៅក្នុងមណ្ឌលថែទាំ និងតាមសហគមន៍ផងដែរ។
លោកMasahiro Mikami ឯកអគ្គរាជទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី គ្រីស្ទាន មុនឌួតតេ នាយិកាអង្គការ យូនីសេហ្វ(Unicef) បានសម្តែងនូវការកោតសរសើរចំពោះ រដ្ឋបាលខេត្តកណ្ដាល ដែលបានយកចិត្តទុកដាក់ខ្ពស់លើវិធានការបង្ការ និងទប់ស្កាត់ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ ដល់សហគមន៍ ពិសេសលើកុមារនៅទូទាំងខេត្តកណ្ដាលហើយរូបលោកនិងលោកស្រី នឹងនៅតែបន្តគាំទ្រដល់ការអនុវត្តរបស់រដ្ឋបាលខេត្តបន្តទៀត។
ក្នុងកិច្ចប្រជុំនេះដែរប្រទេសជប៉ុន តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឧបត្ថម្ភនូវជែលលាងដៃ ស្រោមអនាម័យ សាប៊ូម្សៅ ធុងជ័រ ដងជូត កន្សែង ទឹកសម្លាប់មេរោគ និងប្រដាប់វាស់កម្តៅ ជូនដល់មណ្ឌលថែទាំកុមារចំនួន៥កន្លែង ក្នុងខេត្តកណ្ដាលផងដែរ៕ដោយ៖ឆ ដា