ភ្នំពេញ៖ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរត់គេចខ្លួនរួចបន្ទាប់ពីមានជនសង្ស័យមួយក្រុមប្រដាប់ដោយកាំបិតប៉័ងតោមកធ្វេីសកម្មភាពកាប់ប្រហារប្លន់យកម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០មួយគ្រឿងបានសម្រេចដោយមិនរំខានដល់សមត្ថកិច្ចឡើយ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅលេីកំណាត់មហាវិថីវិមានឈ្នះ=ឈ្នះ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ សោម លីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ រោងចក្រ ចំណែកម្នាក់ទៀតដែលរងរបួសមានឈ្មោះឈួន សុខុម ភេទប្រុសអាយុ១៩ឆ្នាំ អ្នកទាំង២ស្នាក់នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូល។
ម៉ូតូដែលត្រូវក្រុមជនសង្ស័យប្លន់យកទៅនោះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខកំពង់ឆ្នាំង1J-1419 ។
តាមសម្តីម្ចាស់ម៉ូតូបានឱ្យដឹងថា៖ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូសង្សារឌុបនាងទៅផ្ទះជួលនៅម្តុំផ្សារព្រៃទា។ លុះជូនទៅដល់ហេីយក៏ខលហៅមិត្តភក្តិឱ្យយកម៉ូតូរបស់គាត់មកទទួលតែដោយសារចាំយូរពេករូបគាត់ក៏ដេីរមកបណ្តេីរៗ។
ជនរងគ្រោះបានបន្តថា ពេលគាត់ដេីរមកដល់មហាវិថីវិមានឈ្នះ=ឈ្នះ មិត្តភក្តិក៏ជិះម៉ូតូមកដល់ តែមិនទាន់បានឡេីងជិះម៉ូតូផងក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំបិតប៉័ងតោបានមកធ្វេីសកម្មភាពកាប់ប្រហារបណ្តាលឱ្យគាត់រងរបួសចំខាងក្រោយខ្នងចំនួន២កាំបិត ហេីយជនសង្ស័យក៏ប្លន់យកម៉ូតូគេចខ្លួនបាត់ដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ចឡើយ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ៕ដោយ៖ សុខាសែនជ័យ