ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿងសង្ស័យដឹកលើសទម្ងន់បើកឡើងស្ពានព្រះមុនីវង្សចាស់ផ្លូវកោងហើយអ្នកបើកបរខំប្រឹងបួងចង្កូតបណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរដែលមិនបង្កឲ្យមានអ្នករងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ស្ថិតនៅចំណុចស្ពានព្រះមុនីវង្សចាស់ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3C-8196ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ក្នុងទិសដៅពីកើតមកលិច លុះដល់ចំណុចកើតហេតុខាងលើផ្លូវកោងនិងឡើងស្ពានផងអ្នកបើកបរខំបួងចង្កូតស្រាប់តែក្រឡាប់ផ្ងារជើងម្ខាងហូរប្រេងពេញផ្លូវ រងការខូចខាតយ៉ាងដំណំ។ភ្លាមៗនោះតៃកុងរថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
ដោយ ៖សុខាសែនជ័យ