ព័ត៌មានទាន់ហេតុការណ៍៖

កាប់ប្លន់យកម៉ូតូស៊េរីទំនើបពីយុវជន២នាក់បានសម្រេចមិនរំខានដល់សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ​៖​ យុវជនម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម្នាក់ទៀតរត់គេចខ្លួនរួចបន្ទាប់ពីមានជនសង្ស័យមួយក្រុមប្រដាប់ដោយកាំបិតប៉័ងតោមកធ្វេីសកម្មភាពកាប់ប្រហារប្លន់យកម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០២០មួយគ្រឿងបានសម្រេចដោយមិនរំខានដល់សមត្ថកិច្ចឡើយ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូល​ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០២០​ នៅលេីកំណាត់មហាវិថីវិមានឈ្នះ=ឈ្នះ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​  រាជធានីភ្នំពេញ​។ 

ជនរងគ្រោះម្ចាស់ម៉ូតូឈ្មោះ​ សោម​ លីន​ ភេទប្រុស​ អាយុ២០ឆ្នាំ​ មុខរបរកម្មករ​ រោងចក្រ​ ចំណែកម្នាក់ទៀតដែលរងរបួសមានឈ្មោះឈួន​ សុខុម​ ភេទប្រុសអាយុ១៩ឆ្នាំ​ អ្នកទាំង២ស្នាក់នៅក្នុងសង្កាត់កំបូល​ ខណ្ឌកំបូល។ 

ម៉ូតូដែលត្រូវក្រុមជនសង្ស័យប្លន់យកទៅនោះម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០២០​ ពាក់ស្លាកលេខកំពង់ឆ្នាំង1J-1419 ។ 

តាមសម្តីម្ចាស់ម៉ូតូបានឱ្យដឹងថា​៖​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូសង្សារឌុបនាងទៅផ្ទះជួលនៅម្តុំផ្សារព្រៃទា​។ លុះជូនទៅដល់ហេីយក៏ខលហៅមិត្តភក្តិឱ្យយកម៉ូតូរបស់គាត់មកទទួលតែដោយសារចាំយូរពេករូបគាត់ក៏ដេីរមកបណ្តេីរៗ។ 

ជនរងគ្រោះបានបន្តថា​  ពេលគាត់ដេីរមកដល់មហាវិថីវិមានឈ្នះ=ឈ្នះ មិត្តភក្តិក៏ជិះម៉ូតូមកដល់ តែមិនទាន់បានឡេីងជិះម៉ូតូផងក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយកាំបិតប៉័ងតោបានមកធ្វេីសកម្មភាពកាប់ប្រហារបណ្តាលឱ្យគាត់រងរបួសចំខាងក្រោយខ្នងចំនួន២កាំបិត​ ហេីយជនសង្ស័យក៏ប្លន់យកម៉ូតូគេចខ្លួនបាត់ដោយសុវត្តិភាព​ មិនរំខានដល់សមត្ថកិច្ចឡើយ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ៕ដោយ​៖ សុខាសែនជ័យ​


ចែករំលែក៖