ភ្នំពេញ៖ បុរសម្នាក់ដែលអះអាងថាខ្លួនជាមន្រ្តីសមត្ថកិច្ចបានបើករថយន្តឡិចសុីសមិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកទំនិញដែលចតចោលប្របនឹងចិញ្ចើមផ្លូវ បណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយផ្លូវបេតុងលេខ៣៨សេ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តដែលរងការខូចខាតនោះម៉ាក ឡិចសុីសRX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AW-0575 នៅក្នុងរថយន្តមានឯកសណ្ឋានកងរាជអាវុធហត្ថស័ក្តិ៣ ដែលមានឈ្មោះ វ៉ាន់ សុភី។ ចំណែកឯរថយន្តដឹកទំនិញមានម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេពញ3D-5552 ចតចោលនៅប្របចិញ្ចើមផ្លូវ។
តាមការរៀបរាប់ពីបុរសដែលជាអ្នកបើករថយន្តឡិចសុីសខាងលើបានឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើករថយន្តក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មមទេ។ ពេលបើកមកដល់ចំណុចកើតហេតុដោយសារតែផ្លូវមានសភាពងងឹតផង និងរូបគាត់រាងធ្លាក់ភ្នែកផងមើលមិនទាន់ក៏ជ្រុលទៅបុករថយន្តហុីយ៉ាន់ដាយដឹកទំនិញពីក្រោយពេញទំហឹងតែម្តង បណ្ដាលឱ្យរថយន្តរបស់គាត់ខូចខាតផ្នែកខាងមុខ តែមិនបណ្តាលឱ្យគាត់រងរបួសនោះទេ។ ចំណែកឯរថយន្តដឹកទំនិញនោះរងការខូចខាតផ្នែកខាងក្រោយបន្តិចបន្តួចប៉ុណ្ណោះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានធ្វើការសម្របសម្រួលឱ្យភាគីខាងរថយន្តដឹកទំនិញព្រមជួយថ្លៃខូចខាតទៅឲ្យរថយន្តឡិចសុីសចំនួន៣៥០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ដោយ ៖ ភារ៉ា