ខេត្តបាត់ដំបង៖បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យក្រោយបើកត្រាក់ទ័រភ្ជួរដីស្រែប៉ះចំមីនតោនបន្សល់ពីសម័យសង្រ្គាមបណ្តាលផ្ទុះឡើងយ៉ាងកក្រើក។
លោកវរសេនីយ៍ទោ សុខ សារិន អធិការនគរបាលស្រុកបវេលបានឲ្យដឹងថា ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្រុមទី១១ ភូមិអន្លង់រាំង ឃុំឃ្លាំងមាស ស្រុកបវេលខេត្តបាត់ដំបង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ រឿត ថេត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិសំរោងជ័យ ឃុំបវេល ស្រុកបវេល បានយកត្រាក់ទ័រ ម៉ាកkubotaមកស៊ីឈ្នួលភ្ជួរដីស្រែឲ្យឈ្មោះ លឹម អូន នៅចំណុចកើតហេតុខាងលើ ខណៈដែលកំពុងភ្ជួរសុខៗក៏ស្រាប់តែប៉ះចំមីនតោនដែលគេសង្ស័យថាបន្សល់ទុកពីសម័យសង្រ្គសមបង្កឲ្យផ្ទុះឡើងបណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់តែម្តង។ ចំណែកត្រាក់ទ័រខូចខាតមួយកំណាត់មុខផងដែរ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យបវេល១ ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង៕ដោយ៖ស សម