ខេត្តកណ្តាល៖ អគារប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ភ្នំ នៃអធិការដ្ឋានស្រុកលើកដែក ខេត្តកណ្តាលត្រូវបានធ្វើពិធីបញ្ចុះបឋមសិលានៅព្រឹកថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្តាល ។
លោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការគិតគូរពីសុខទុក្ខនិងកន្លែងធ្វើការសមរម្យរបស់កងកម្លាំងគឺបានផ្តល់កម្លាំងចិត្តក្នុងការពារសន្តិសុខសណ្តាប់ធ្នាប់កាន់តែមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះដែរ លោកអភិបាលរងខេត្ត ក៏បានធ្វេីការរំលឹក និងណែនាំបន្ថែមដល់កងកម្លាំងថ្នាក់មូលដ្ឋាន ឲ្យខិតខំយកចិត្តទុកដាក់លេីការបម្រេីសេវារដ្ឋបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសេីរ ត្រូវបម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ត្រូវបង្រ្កាបគ្រប់ល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន បញ្ហាគ្រឿងញៀន និងចោរកម្មជាដើម។
លោកបានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់កម្លាំងនគរបាលយើងដែលបានអនុវត្តការងារបានល្អប្រសើរនាពេលកន្លងមក ហើយកងកម្លាំងនគរបាលគ្រប់ជាន់ថ្នាក់ ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវចូលរួមការពារសុខសន្តិភាព ត្រូវមានឥរិយាបថទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងត្រូវបន្តការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅក្នុងមូលដ្ឋានរបស់យើង។
សូមបញ្ជាក់ថា អគារប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ភ្នំ បានសាងសង់ឡើងថ្មី ក្នុងទំហំ ៨ម៉ែត្រ គុណនឹង១២ម៉ែត្រចំណាយទឹកប្រាក់សរុប ១៦៤,៣០៧,៥០០រៀល ស្មើនិងទឹកប្រាក់ដុល្លារ ៤០,០៧៥$ ក្នុងនោះ(សាងសង់អគារអស់ទឹកប្រាក់ ២៥,៤៥០ដុល្លារ និងរបង,ខ្លោងទ្វារ,ចាក់សាបខាងមុខ ដងទង់ជាតិ ស្មើនឹង ១៤,៦២៥ដុល្លារ) ក្នុងនោះឧបត្ថម្ភដោយព្រះអនុគុណស្រុកទឹកប្រាក់ ២,០០០ដុល្លារ និងសប្បុរសជននានា ចំនួុន ៩,៧៨៥ដុល្លារ ៕ដោយ៖ឆ ដា