ខេត្តតាកែវ ៖ បុរសម្នាក់ ប៊ិះនឹងស្លាប់ ក្រោមស្នាដៃគូជម្លោះដែលផ្តើមឡើងពីវិវាទព្រំប្រទល់ដីជិតគ្នា ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទីនៅភូមិខ្វាវ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។
ជនសង្ស័យមានឈ្មោះ កែប ធី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិខ្វាវ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។ ចំណែកជនរងគ្រោះឈ្មោះ គង់ ថា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។
មន្ត្រីនគរបាលស្រុកគិរីវង់បានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពយកកង្វារខ្វារក្ដាមដងឈើប្រវែង១.៦៧ម៉ែត្រ វាយនិងរឹតកជនរងគ្រោះបណ្ដាលឲ្យរងរបួសមានស្នាមឆូតលើស្មាពីខាងក្រោយទាំងសងខាង ប៉ុន្តែពេលនោះត្រូវបានអ្នកជិតខាងចូលទៅជួយចាប់ទាញចេញទាន់ទើបជនរងគ្រោះរួចផុតពីគ្រោះថ្នាក់ ។
មន្ត្រីនគរបាលបន្តថា ករណីប៉ុនប៉ងមនុស្សឃាតខាងលើនេះ បណ្តាលមកពីទំនាស់រឿងព្រំប្រទល់ដី។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ហេង នរិន្រ្ទ