ព័ត៌មានទាន់ហេតុការណ៍៖

ចិននិងអាមេរិក កំពុងប្រជែងគ្នាក្នុងវិស័យអវកាស

ចែករំលែក៖

កាលពីចុងខែឧសភា ទាំងអាមេរិក និងចិនមានសកម្មភាពខាងវិស័យអវកាស​ ដោយអាមេរិកបញ្ជូនយានអវកាសដឹកមនុស្សពីរនាក់ឡើងទៅកាន់ស្ថានីយអវកាស​។ ចំណែកចិនវិញ ក៏បានបាញ់បញ្ជូនផ្កាយរណបឡើងទៅកាន់តារាវិថីផែនដី​ដែរ។ សកម្មភាពរបស់ប្រទេសមហាអំណាចទាំងពីរធ្វើឡើងក្នុងថ្ងៃតែមួយ​។
កាលពីថ្ងៃទី ៣១ ខែឧសភា ចិនបានបាញ់បង្ហោះផ្កាយរណបចំនួន២គ្រឿងបន្ថែមទៀត បន្ទាប់ពីកាលពីថ្ងៃទី៣០ ខែឧសភា បានបញ្ជូនផ្កាយរណបទៅមុន ចំនួន២គ្រឿង រួចមកហើយ។ សរុបក្នុងរយៈពេល​២ថ្ងៃចិនបានបញ្ជូនផ្កាយរណបដល់ទៅ​៤គ្រឿង​ ។
តាមសារព័ត៌មាន Global Times បានផ្សាយថា ប្រទេសចិនបានបាញ់បង្ហោះផ្កាយ​រណបសម្រាប់សង្កេតមើលផែនដី ដែលមានគុណភាពខ្ពស់ គឺផ្កាយរណប Gaofen-9 02 បានបាញ់បង្ហោះ កាលពីវេលាម៉ោង៤ និង៤៣នាទីរសៀល ម៉ោងក្នុងតំបន់ ថ្ងៃទី៣១ ខែឧសភា ។

ផ្កាយរណបចិនទាំងនោះ បានបាញ់បង្ហោះឲ្យចូលទៅក្នុងគន្លងគោចរ ក្នុងអំឡុងរយៈពេល២ថ្ងៃជាប់គ្នា។ កាលពីថ្ងៃទី៣០ ខែឧសភា ចិនបានបាញ់បង្ហោះផ្កាយរណបពិសោធន៍បច្ចេកវិទ្យាថ្មី ចំនួនពីរគ្រឿង ចូលទៅកាន់ទីអវកាសរួចមកហើយដែរ។

ការបាញ់បង្ហោះនៅថ្ងៃទី៣១ ខែឧសភានេះ ក៏មានរួមបញ្ចូលផ្កាយរណបអុីនធើណេត (IoT) ឈ្មោះ ផ្កាយរណប Hede-4 ឲ្យចូលទៅកាន់គន្លង តាមការគ្រោងទុក ដោយចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីយូឃាន (Jiuquan) នៅភាគពាយព្យ ខេត្តហ្គាន់ស៊ូ (Gansu) ប្រទេសចិន តាមរយៈគ្រាប់រ៉ុក្កែត Long March-2D ។ ប្រភពព័ត៌មាន បានបញ្ជាក់ថា ផ្កាយរណប Gaofen-902 មានសមត្ថភាពថតរូបនៅលើផ្ទៃផែនដី ដែលមានកម្រិតច្បាស់ល្អ។ ផ្កាយរណបនេះ ក៏ត្រូវប្រើប្រាស់ សម្រាប់វាស់ស្ទង់ដីធ្លី ការរៀបចំផែនការទីក្រុង ការរចនាបណ្តាញផ្លូវថ្នល់ កសិកម្ម និងការជួយសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជួយដល់ការងារកសាងគម្រោងនានា ជាពិសេសគម្រោងផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវថ្នល់ ៕ដោយ៖ធី រីណា


ចែករំលែក៖