ខេត្តស្ទឹងត្រែង៖ រថយន្តតាកូម៉ាពីរគ្រឿងរបស់មេឈ្មួញជនជាតិវៀតណាមដុះស្លែ ឈ្មោះហេង សំនៀង (ហៅយាយព្រឿង) ដែលគេដឹងថាជាមេឈ្មួញជើងចាស់ល្បីឈ្មោះម្នាក់ធ្លាប់ជាប់ពន្ធនាគារ ម្តង ពីបទរកស៉ីដឹកជញ្ជូនឈើល្មើសច្បាប់ និងមួយទៀតពីបទ ធ្វើសកម្មភាពលួចរថយន្តនិងឈើល្មើសច្បាប់ក្នុងដែនសមត្ថកិច្ចកំពុងអនុវត្តច្បាប់ ហើយក្រោយចេញមកវិញ ក៏ចាប់ផ្តើមប្រកបរបរចាស់ដដែល ដោយមិនរាងចាលឬខ្លាចសមត្ថកិច្ចឡើយអស់រយៈពេលច្រើនខែមកហើយ ក្នុងមុខរបរបន្តអាជីពចាស់របស់គាត់មួយនេះ ជាក់ស្តែងដូចជានៅល្ងាចថ្ងៃចន្ទម៉ោង១៥និង១៥នាទីរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះជាដើម។
រថយន្តពីរគ្រឿងរបស់មេឈ្មួញរូបនេះ បានធ្វើសកម្មភាពដឹកឈើប្រណិីតប្រភេទធ្នង់ ដែលមួយគ្រឿងម៉ាកតាកូម៉ា ពាក់ស្លាកលេខ2D-671ដឹកឈើពេញព្រៀប និងមួយគ្រឿងទៀត ពាក់ស្លាកលេខ2R-9937 សម្រាប់យាយព្រឿងជិះជាមួយអ្នករត់ការ ចេញពីច្រកផ្លូវចូលភូមិស្តៅ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
បើតាមការឲ្យដឹងពីអ្នកភូមិរស់នៅទីនោះ ក៏ដូចអ្នកធ្វើដំណើរតាមដងផ្លូវនោះ គេសង្កេតឃើញថា រថយន្តពីរគ្រឿងប្រភេទតាកូម៉ា និងមានស្លាកលេខដូចខាងលើនោះ ពួកគាត់តែងតែឃើញជារៀងរាល់ថ្ងៃ -យប់ក្នុងការដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយភាគច្រើនតែងតែឆ្លងទូកដចេញពីភូមិស្តៅ ផ្ទុកទៅដោយឈើប្រណិីតប្រភេទធ្នង់ មកត្រើយម្ខាងយ៉ាងរំភើយ ដោយគ្មានការរំខានពីសមត្ថកិច្ចណាឡើយ។
ក្នុងពេលមេឈ្មួញឈើរូបនេះកំពុងធ្វើសកម្មភាពដឹកឈើខាងលើ យើងឃើញហើយក៏រាយការណ៍ជូនលោកវ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត តែលោកបានឆ្លើយថា លោកអត់ដឹងទេចាំលោកសួរទៅកូនចៅសិន តែក្រោយមកឈ្មួញក៏បន្តដំណើរទៅមុខទៀតទៅ។ អ្នកសារព័ត៌មានយើងបានរាយការណ៍ម្តងទៀត តែគួរឲ្យភ្ញាក់ផ្អើលណាស់ព្រោះពេលនោះស្រាប់តែភរិយាលោកលើកទៅវិញ។
ជុំវិញរឿងនេះលោកអន សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានឆ្លើយបញ្ចាក់ថា លោកក៏អត់ដឹងដែររឿងយាយព្រឿងដឹកឈើខាងលើនេះ តែលោកបញ្ជាក់ថាចាំសួរកូនចៅលោកសិន ព្រោះពួកគេនៅផ្លូវ ជានាយសង្កាត់គ្រប់គ្រង រាល់បទល្មើសគ្រប់យ៉ាងដែលធ្វើសកម្មភាព។ តែគាត់គាត់បញ្ជាក់ថា ពេលឃើញរថយន្តដឹកឈើឈ្មោះយាយព្រឿងនេះទៀត សូមរាយការណ៍មកលោក លោកនឹងចាប់តែម្តងមិនឲ្យបន្តសកម្មភាពទៀតឡើយ។
អ្នកនាំពាក្យសាលាខេត្តលោកម៉ែន គង់ បានបញ្ជាក់ថា រាល់ការធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើ ក៏ដូចជាការកាប់រុករានទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ គណ:កម្មការឯកភាពខេត្តនៅតែបន្ត ។ ចំណែកការដឹកជញ្ជូនផលអនុផលព្រៃឈើផ្សេងទៀត វាជាសិទ្ធិនឹងតួនាទីរបស់ជំនាញរបស់គេ លោកមិនអាចបញ្ជាបានឡើយ៕ដោយ៖មាស សុផាត