ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នា ត្រង់ផ្លូវបែកជាបួន របួសទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បើកម៉ូតូម៉ាកសង់កូរ៉េ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នមកដល់ផ្លូវបែកជាបួន ក៏ជ្រុលបុកស្រ្តីម្នាក់ជិះម៉ូតូស្កូបពីរបួសធ្ងន់ស្រាល២នាក់ បង្កការភ្ញាក់ផ្អើលនគរបាលចុះអន្តរាគមន៍ហៅរថយន្តសង្រ្គោះភ្លាមៗ

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៦៣កែងផ្លូវលេខ៤៨០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន  រាជធានីភ្នំពេញ

ប្រភពព័ត៍មានពីមន្រ្តីនគរបាលមូលដ្ឋាន បានប្រាប់ថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ អាយុប្រហែល២៧ឆ្នាំ បើកម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ GO-១៤៥១ ដោយធ្វើដំណើរតាមផ្លូវលេខ១៦៣ ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវលេខ៤៨០ក៏មានស្រ្តីម្នាក់ អាយុជាង៣៥ឆ្នាំ បើកម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូបពីពណ៌ស ពាក់ស្លាកលេខ កំពង់ឆ្នាំង J-១៩៩២ ឆ្លងកាត់ទទឹងផ្លូូវដោយម៉ូតូសង់កូរ៉េ ក្នុងល្បឿនលឿនពេក ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកម៉ូតូស្គូបពីទាំងកំរោល បណ្ដាលឲ្យស្រ្តីដែលជិះម៉ូតូស្គូបពីរបួសធ្ងន់ និងបុរសដែលបើកម៉ូតូបង្ក របួសរលាត់ដៃជើង ភ្លាមៗសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ រួចហៅរថយន្តសង្រ្គោះបន្ទាន់របស់មន្ទីរពេទ្យរុស្សុី ដឹកយកទៅព្យាបាលផងដែរ

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញខណ្ឌចុះវាស់វែងយកម៉ូតូទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ បណ្ដោះអាសន្នសិនរងចាំដោះស្រាយគ្នាតាមច្បាប់

ដោយ៖ស រស្មី


ចែករំលែក៖