ព័ត៌មានទាន់ហេតុការណ៍៖

បន្ទាប់ពីអូស្ត្រាលីនិងអឺរ៉ុប រុស្ស៊ីក៏បានថ្កោលទោសអាមេរិកប្រើហិង្សាលើអ្នកកាសែតរុស្ស៊ីដែរ

ចែករំលែក៖

ដោយឃើញអំពើហិង្សាកាន់តែកើនខ្លាំងឡើងនៅអាមេរិក ហើយបានត្រៀមកម្លាំងទាហានជិត២ពាន់នាក់ដើម្បីបង្ក្រាបក្រុមបាតុករទៀត។ ប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងនោះមានអឺរ៉ុប អូស្ត្រាលី នូវែលហ្សេឡង់… ហើយពេលនេះគឺរុស្ស៊ីបានស្នើដល់អាមេរិកឲ្យបញ្ឈប់ការប្រើហិង្សាទៅលើក្រុមបាតុករស្បែកខ្មៅ។
អំពើហិង្សារវាងក្រុមបាតុករនឹងប៉ូលិសបណ្ដាលឲ្យរងរបួសដល់អ្នកកាសែតជាច្រើននាក់ រួមទាំងផលិតកររបស់ភ្នាក់ងារសារព័ត៌មាន រុស្ស៊ី Sputnik ផងនោះ ធ្វើឱ្យទីក្រុងមូស្គូបានខឹងសម្បាយ៉ាងខ្លាំង ដោយអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោន បញ្ឈប់សកម្មភាពឃោរឃៅរបស់ប៉ូលិសប្រឆាំងនឹងអ្នកសារព័ត៌មាន។
ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា នៅក្នុងឧប្បត្ដិហេតុនៃការប៉ះទង្គិចគ្នានៅមុខសេតវិមាន រវាងក្រុមបាតុករនឹងប៉ូលិសនេះ បានបណ្ដាលឲ្យអ្នកសារព័ត៌មានជាច្រើននាក់រងរបួស ក្នុងនោះមានទាំងផលិតករភ្នាក់សារព័ត៌មានរុស្ស៊ី Sputnik ឈ្មោះ Nicole Roussellផងដែរ ខណ:កំពុងបំពេញការងារតាមវិជ្ជាជីវ:របស់គាត់។ ករណីនេះ រុស្ស៊ីទាមទារឲ្យអាជ្ញាធរអាមេរិក មានវិធានការជាបន្ទាន់ រារាំងដល់ប៉ូលិស ដើម្បីកុំឲ្យប្រើអំពើហិង្សាប្រឆាំងនឹងអ្នកធ្វើការងារសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ។
នៅពេលនេះដែរ អាមេរិកបានត្រៀមកម្លាំង១.៦០០ នាក់ឱ្យចល័តចូលទៅកាន់តំបន់ វ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក បន្ទាប់ពីការផ្ទុះឡើងនូវបាតុកម្មហិង្សាទាំងយប់ ទាំងថ្ងៃរបស់ក្រុមបាតុករ ។
សារព័ត៌មានរ៉យទ័រ បានផ្សាយកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ថា មន្ទីរបញ្ចកោណបានចល័តកងទ័ពចូលទីក្រុងវ៉ាស៊ីនតោនប្រហែល ១.៦០០ នាក់ ។ ការចូលមកដល់របស់កម្លាំងទាហានទាំងនោះដើម្បីគ្រប់គ្រងស្ថានការណ៍ហិង្សាដែលបង្កឡើងដោយក្រុមបាតុករ ។

ពេលថ្មីៗនេះ ប្រធានាធិបតីអាមរិក លោកដូណាល់ ត្រាំ បានស្នើដល់កងកម្លាំងយោធាជួយគ្រប់គ្រងស្ថានការណ៍នៅតាមដងផ្លូវក្នុងរដ្ឋនានា ដែលកំពុងញាំញីដោយក្រុមបាតុកររាប់ពាន់នាក់ ។ ក្រុមបាតុករបានដង្ហែក្បួន ស្រែកទាមទាររកយុត្តិធម៌ជូនបុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd ដែលស្លាប់កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដោយសារប៉ូលិសម្នាក់យកជង្គង់សង្កត់កជាង៨នាទីថប់ដង្ហើម ស្ថិតនៅទីក្រុង Minneapolis រដ្ឋ Minnesota ៕ដោយ៖ធី រីណា


ចែករំលែក៖